វិមានក្រឹមឡាំងថា ការកែប្រែរបស់អឺរ៉ុបនិងអ៊ុយក្រែនលើសំណើអាមេរិក មិនជួយដល់សន្តិភាពទេ (Video inside)
21-12-2025 18:46
(មូស្គូ)៖ ជំនួយការនយោបាយការបរទេសកំពូលរបស់ប្រធានាធិបតីរុស្ស៊ី លោក យូរី អ៊ូសាកូវ (Yuri Ushakov) បានប្រកាសនៅថ្ងៃអាទិត្យនេះថា ការផ្លាស់ប្តូរដែលធ្វើឡើងដោយអឺរ៉ុប និងអ៊ុយក្រែនទៅលើសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក មិនបានជួយឱ្យលទ្ធភាពនៃសន្តិភាពប្រសើរឡើងនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក អ៊ូសាកូវ បានសង្កត់ធ្ងន់ថា «ខ្ញុំប្រាកដថា សំណើដែលអឺរ៉ុប និងអ៊ុយក្រែនបានធ្វើ ឬកំពុងព្យាយាមធ្វើ ពិតជាមិនធ្វើឱ្យឯកសារនេះប្រសើរឡើងទេ និងមិនជួយដល់លទ្ធភាពសម្រេចបានសន្តិភាពយូរអង្វែងឡើយ»។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីបេសកជនពិសេសលោក ពូទីន គឺលោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) បានជួបពិភាក្សាជាមួយបេសកជនអាមេរិក លោក ស្ទីវ វីតកុហ្វ និងលោក ចារ៉េដ គូសនឺ នៅរដ្ឋផ្លរីដា។
ទាក់ទងនឹងសំណើចរចាបីភាគីដែលគាំទ្រដោយលោក ហ្សេលេនស្គី លោក អ៊ូសាកូវ បានបញ្ជាក់ថា វាមិនទាន់ត្រូវបានយកមកពិភាក្សាឱ្យបានស៊ីជម្រៅនៅឡើយទេ។ រុស្ស៊ីបានចោទប្រកាន់ថា មេដឹកនាំអឺរ៉ុបមានចេតនាចង់បំផ្លាញកិច្ចចរចា ដោយដាក់បញ្ចូលលក្ខខណ្ឌដែលពួកគេដឹងថារុស្ស៊ីមិនអាចទទួលយកបាន៕




