ការបាញ់ប្រហារនៅអាហ្វ្រិកខាងត្បូង សម្លាប់មនុស្ស ៩នាក់ និងរបួស ១០នាក់ (Video inside)

21-12-2025 21:25

(ហ្សូហានណេសប៊ឺគ)៖ ប៉ូលិសអាហ្វ្រិកខាងត្បូងបានប្រកាសនៅថ្ងៃអាទិត្យនេះថា មនុស្ស ៩នាក់ត្រូវបានសម្លាប់ និង ១០នាក់ផ្សេងទៀតរងរបួស នៅក្នុងការបាញ់ប្រហារមួយនៅឯហាងស្រាមួយកន្លែង នៅភាគនិរតីនៃទីក្រុងហ្សូហានណេសប៊ឺគ (Johannesburg)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១:០០រំលងអធ្រាត្រ នៅតំបន់ Bekkersdal។ ជនសង្ស័យប្រហែល ១២នាក់ដែលជិះរថយន្តពីរគ្រឿង បានបើកការបាញ់ប្រហារទៅលើភ្ញៀវនៅក្នុងហាង និងបន្តបាញ់រះខណៈពេលពួកគេរត់គេចខ្លួន។

អាជ្ញាធរកំពុងបើកប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យទាំងនោះ ខណៈមូលហេតុនៃការបាញ់ប្រហារកំពុងស្ថិតក្រោមការស៊ើបអង្កេត។

គួរបញ្ជាក់ថា អាហ្វ្រិកខាងត្បូងគឺជាប្រទេសដែលមានអត្រាឃាតកម្មខ្ពស់បំផុតមួយនៅក្នុងពិភពលោក ដោយមានមនុស្សស្លាប់ជាមធ្យមប្រហែល ៦០នាក់ក្នុងមួយថ្ងៃ៕