សហរដ្ឋអាមេរិក និងអ៊ុយក្រែន សាទរផលិតភាពនៃកិច្ចចរចាក្នុងទីក្រុង Miami តែមិនទាន់អាចបំបែកភាពជាប់គាំង (Video inside)

22-12-2025 09:14

(MIAMI)៖ បេសកជនពិសេសអាមេរិក និងអ៊ុយក្រែន បានចេញសេចក្ដីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ដោយសាទរកិច្ចចរចាប្រកបដោយផលិតភាព និងលក្ខណៈស្ថាបនានៅក្នុង ទីក្រុង Miami ប៉ុន្តែមិនបានប្រកាសពីការរកឃើញច្រកចេញបំបែកភាពជាប់គាំងណាមួយនៅឡើយនោះទេ ក្នុងកិច្ចប្រឹងប្រែងដើម្បីបិទបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បេសកជនពិសេសអ៊ុយក្រែន រុស្ស៉ី រួមទាំងសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ បានចូលរួមក្នុងកិច្ចប្រជុំដាច់ដោយឡែកពីគ្នាក្នុងទីក្រុង Miami រដ្ឋ Florida ជាច្រើនថ្ងៃមកនេះ ក្រោមការសម្របសម្រួល ដោយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff។ កិច្ចប្រជុំនេះជាកិច្ចប្រជុំចុងក្រោយបំផុតមួយនៅក្នុងយុទ្ធនាការការទូតជាច្រើនសប្ដាហ៍មកនេះ ពាក់ព័ន្ធនឹងផែនការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនកាលពីខែវិច្ឆិកាកន្លងទៅបានបញ្ចេញឈ្មោះផែនការសន្តិភាពអ៊ុយក្រែន២៨ចំណុច ដែលត្រូវបានគេមើលឃើញថាមាន ចំណុចជាច្រើនស៊ីគ្នាទៅនឹងការទាមទាររបស់រុស្ស៉ី។

តែផែនការសន្តិភាពនេះកំពុងត្រូវបានព្រាងឡើងវិញ បន្ទាប់ពីមានការចូលរួមពីអ៊ុយក្រែន និងអឺរ៉ុប បើទោះជាចំណុចកែប្រែទាំងនោះមិនទាន់ត្រូវបានចេញផ្សាយជាសាធារណៈក៏ដោយ។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រមុខដឹកនាំក្រុមអ្នកចរចាអ៊ុយក្រែន លោក Rustem Umerov និងលោក Witkoff បាននិយាយថាកិច្ចប្រជុំរយៈពេល៣ថ្ងៃនៅ Florida ក្រុមប្រតិភូអ៊ុយក្រែនបានបើកកិច្ចពិភាក្សាជាបន្ទាប់ប្រកបដោយផលិតភាព និងលក្ខណៈស្ថាបនាជាមួយដៃគូអាមេរិក និងអឺរ៉ុប។ តាមសេចក្ដីថ្លែងការណ៍ដដែល កិច្ចប្រជុំទ្វេភាគីមួយរវាងអាមេរិក និងអ៊ុយក្រែនបានផ្ដោតជាសំខាន់លការចំណុចសំខាន់ៗចំនួន៤ នៃផែនការសន្តិភាព២០ចំណុច ក្នុងនោះរួមមានការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងផែនការសេដ្ឋកិច្ច។

គួរបញ្ជាក់ថា លោក Witkoff កាលពីថ្ងៃអាទិត្យក៏បាននិយាយដូចគ្នាដែរថាកិច្ចចរចាជាមួយបេសកជនពិសេសរុស្ស៉ី លោក Kirill Dmitriev ក្នុងរដ្ឋ Florida បានប្រព្រឹត្តទៅប្រកបដោយ ផលិតភាព និងលក្ខណៈស្ថាបនា៕