អ៉ីស្រាអែល ជំរុញឱ្យជនជាតិជ្វីហ្វនៅបរទេស ផ្លាស់ទីលំនៅមកអ៉ីស្រាអែល ក្រោយការវាយប្រហារនៅឯឆ្នេរទីក្រុងស៉ីដនី (Video inside)

22-12-2025 10:54

(ហ្ស៊េរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Gideon Saar បានអំពាវនាវដល់ជនជាតិជ្វីហ្វ ដែលកំពុងរស់នៅបណ្តាប្រទេសលោកខាងលិច ឱ្យផ្លាស់ទីលំនៅមកកាន់អ៉ីស្រាអែល ដោយលើកឡើងពីការកើនឡើង​នូវសកម្មភាពជ្រុលនិយមប្រឆាំងជាតិសាសន៍។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ ២០២៥។

ក្នុងពិធីបុណ្យសាសនា Hanukkah របស់ជនជាតិជ្វីហ្វ លោក Saar បានថ្លែងថា «ពលរដ្ឋជ្វីហ្វ មានសិទ្ធិរស់នៅដោយសុវត្ថិភាពគ្រប់ទីកន្លែង ប៉ុន្តែប្រវត្តិសាស្រ្តបង្ហាញថា សន្តិសុខ​បែប​នេះ​មិន​​ត្រូវ​បាន​គេឱ្យតម្លៃឡើយ។ សព្វ​ថ្ងៃ​ ជន​ជាតិ​ជ្វីហ្វ ​ត្រូវ​គេ​តាម​ប្រមាញ់​នៅ​ជុំវិញ​ពិភពលោក»។ លោកបាន​ជំរុញ​ឱ្យជន​ជាតិជ្វីហ្វ​ ​នៅ​ក្នុង​ប្រទេស​ដូចជា អង់គ្លេស បារាំង អូស្ត្រាលី កាណាដា និង​បែលហ្ស៊ិក ត្រឡប់មក​​រស់នៅ​អ៉ីស្រាអែលវិញ។

ការ​អំពាវនាវនេះបាន​ធ្វើ​ឡើង​ បន្ទាប់ពីមានករណីបាញ់​​ប្រហារ​​នៅ​លើ​ឆ្នេរ Bondi ទីក្រុង​ស៉ីដនី ប្រទេសអូស្រ្តាលី ដែល​មនុស្ស ១៥នាក់​ត្រូវ​បាន​សម្លាប់ អំឡុងពេលប្រារព្ធបុណ្យ Hanukkah កាលពីថ្ងៃ​ទី១៤ ខែ​ធ្នូ។ អាជ្ញាធរ​អូស្ត្រាលី​​និយាយ​ថា ការ​បាញ់​ប្រហារ​នោះ ​បំផុស​គំនិត​ដោយ​មនោគមវិជ្ជា​របស់​ក្រុម​ ISIS។

ក្រោមច្បាប់មាតុភូមិនិវត្តន៍ឆ្នាំ ១៩៥០ របស់អ៉ីស្រាអែល ជនជាតិជ្វីហ្វីនៅគ្រប់ទីកន្លែងក្នុងពិភពលោក មានសិទ្ធិធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសអ៉ីស្រាអែល និងទទួលបានសញ្ជាតិ។ ច្បាប់នេះ ក៏អនុវត្តចំពោះអ្នកដែលមានដូនតាជាជនជាតិជ្វីហ្វ យ៉ាងហោចណាស់ម្នាក់ផងដែរ៕