នាយករដ្ឋមន្រ្តីអង់គ្លេស ពិភាក្សាពីកិច្ចប្រឹងប្រែងសន្តិភាពអ៊ុយក្រែន ជាមួយលោក ត្រាំ (Video inside)
22-12-2025 11:48
(ឡុងដ៏)៖ សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោកនាយករដ្ឋមន្រ្តី Keir Starmer បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវចុងបញ្ចប់មួយ ដែលមានយុត្តិធម៌ និងយូរអង្វែង ចំពោះសង្រ្គាមនៅអ៊ុយក្រែន ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ ២០២៥។
ក្នុងពេលជជែកគ្នាតាមទូរស័ព្ទ លោក Starmer និងលោក ត្រាំ បានចាប់ផ្តើមដោយការឆ្លុះបញ្ចាំងពីសង្រ្គាមរុស្ស៉ី-អ៊ុយក្រែន និងពិភាក្សាពីកិច្ចការរបស់ក្រុមប្រទេសសម្ព័ន្ធមិត្ត ដែលគាំទ្រអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានធ្វើបច្ចុប្បន្នភាពពីការងារដែលក្រុមប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែន នឹងធ្វើដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាព និងធានាថាមានការបញ្ចប់សង្រ្គាមដោយយុត្តិធម៌ និងយូរអង្វែង។
ការពិភាក្សានេះកើតមានឡើង ក្រោយពេលដែលក្រុមអ្នកចរចាអាមេរិក និងមន្ត្រីរុស្ស៉ីជួបគ្នានៅរដ្ឋ Florida សម្រាប់ការចរចាជុំថ្មីបង្អស់ ក្នុងគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ខណៈរដ្ឋបាលលោក ត្រាំ ព្យាយាមសម្របសម្រួលជាមួយភាគីទាំងសងខាង៕




