បក្សកុម្មុយនីស្តវៀតណាម បើកកិច្ចប្រជុំដើម្បីរៀបចំជ្រើសរើសបេក្ខជន សម្រាប់តំណែងថ្នាក់ដឹកនាំប្រទេស មុនសមាជបក្សដើមឆ្នាំក្រោយ (Video inside)

22-12-2025 13:20

(ហាណូយ)៖ នាថ្ងៃចន្ទនេះ ក្រុមមន្រ្តីជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តរបស់ប្រទេសវៀតណាម បានចាប់ផ្តើមកិច្ចប្រជុំរយៈពេល២ថ្ងៃ ដែលនឹងត្រូវជ្រើសរើសបេក្ខជន សម្រាប់តំណែងថ្នាក់ដឹកនាំរបស់ប្រទេស សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចប្រជុំខាងលើគឺធ្វើឡើង មុនសមាជបក្សរយៈពេល៥ឆ្នាំម្តង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៦។ សមាជិកបក្សនោះ នឹងធ្វើការតែងតាំងជាផ្លូវការ នូវសមាសភាពថ្នាក់ដឹកនាំវៀតណាម ហើយដាក់ចេញ​គោលនយោបាយសំខាន់ៗ ក៏ដូចជាគោលដៅសេដ្ឋកិច្ច សម្រាប់ដល់ឆ្នាំ២០៣០។ កិច្ចប្រជុំនេះ ដែលមានការចូលរួមពីសមាជិកជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមប្រមាណ២០០នាក់ នឹងបិទបញ្ចប់ទៅវិញនៅថ្ងៃអង្គារ ប៉ុន្តែពុំច្បាស់ថា ការសម្រេចចិត្តរបស់កិច្ចប្រជុំ ក្នុងការជ្រើសរើសបេក្ខជនថ្នាក់ដឹកនាំ នឹងត្រូវប្រកាស​ជាសាធារណៈដែរឬអត់ឡើយ។

គួរបញ្ជាក់ថា អគ្គលេខាធិការបក្សកុម្មុយនីស្ត លោក To Lam វ័យ៦៨ឆ្នាំ ដែលកាន់តួនាទីជាប្រធានាធិបតីផងដែរនោះ កំពុងព្យាយាមស្វែងរកការរក្សាតំណែងជាអគ្គលេខាធិការ សម្រាប់អាណត្តិទី២។ តំណែងអគ្គលេខាធិការបក្សកុម្មុយនីស្ត គឺជាតំណែង​មានឥទ្ធិពលបំផុតនៅក្នុងប្រទេសវៀតណាម ហើយលោក Lam បានឡើងកាន់តួនាទីនេះ កាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពី​លោក Nguyen Phu Trong បានទទួលមរណភាព។ ក្រៅពីតំណែងអគ្គលេខាធិការ ប្រតិភូបក្សកុម្មុយនីស្តវៀតណាម ក៏នឹងត្រូវជ្រើសរើសបេក្ខជន សម្រាប់សសរស្តម្ភ៤ផ្សេងទៀតរបស់រដ្ឋផងដែរ គឺរួមមានតំណែងប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានសភា និងសមាជិកអចិន្រ្តៃយ៍នៃ​លេខាធិការដ្ឋានបក្ស៕