ជប៉ុនត្រៀមដំណើរការឡើងវិញ រោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេលើពិភពលោក ជិត១៥ឆ្នាំក្រោយមហន្តរាយ Fukushima (Video inside)

22-12-2025 14:02

(តូក្យូ)៖ ប្រទេសជប៉ុននាថ្ងៃចន្ទនេះ បានជំហានចុងក្រោយ ដើម្បីអនុញ្ញាតការចាប់ដំណើរការឡើងវិញ នូវរោងចក្រថាមពលនុយក្លេអ៊ែរ​ធំជាងគេបង្អស់លើពិភពលោក ដែលវាគឺជាការវិលត្រឡប់ទៅរកថាមពលនុយក្លេអ៊ែរសាជាថ្មីរបស់ជប៉ុន រយៈពេលជិត១៥ឆ្នាំ បន្ទាប់ពីគ្រោះមហន្តរាយ Fukushima។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥។

រោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ដែលមានទីតាំងនៅចម្ងាយប្រមាណ២២០គីឡូម៉ែត្រ ពីភាគពាយព្យទីក្រុងតូក្យូ បានស្ថិតក្នុងចំណោមរ៉េអាក់ទ័រនុយក្លេអ៊ែរ សរុបចំនួន៥៤ ដែលត្រូវបានបិទ ក្រោយគ្រោះរញ្ជួយផែនដីនិងស៊ូណាមិ កាលពីឆ្នាំ២០១១ បានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត គិតចាប់តាំងពី​ Chernobyl។

ចាប់តាំងពីពេលនោះមក ជប៉ុនបានដំណើរការឡើងវិញ រ៉េអាក់ទ័រចំនួន១៤ ក្នុងចំណោម៣៣ ដែលនៅអាចធ្វើប្រតិបត្តិការបាន ស្របពេលដែលខ្លួនព្យាយាមកាត់បន្ថយ ការពឹងផ្អែកលើឥន្ធនៈហ្វូស៉ីល។

គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី ​Sanae Takaichi ដែលបានឡើងកាន់តំណែងកាលពី២ខែមុន បានគាំទ្រកិច្ចប្រឹងប្រែងដំណើរការថាមពលនុយក្លេអ៊ែរសាឡើងវីញ ដើម្បីពង្រឹងសន្តិសុខថាមពលរបស់ប្រទេស និងដើម្បីទប់ទល់ជាមួយតម្លៃនៃការនាំចូលឥន្ធនៈហ្វូស៉ីល ដែលរ៉ាប់រង៦០-៧០ភាគរយ នៃការផលិតថាមពលអគ្គិសនីរបស់ជប៉ុន។ កាលពីឆ្នាំ២០២៤ ជប៉ុនបានចំណាយប្រហែល១០.៧ទ្រីលានយេន ឬ៦៨ពាន់លានដុល្លារអាមេរិក ទៅលើការនាំចូលឧស្ម័នធម្មជាតិរាវ និងធ្យូងថ្ម ដែលស្មើនឹង១ភាគ១០ នៃថ្លៃនាំចូលសរុបរបស់ខ្លួន៕