លោក ដូណាល់ ត្រាំ តែងតាំងបេសកជនពិសេសប្រចាំកោះ Greenland (Video inside)
22-12-2025 14:31
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកសម្រេចតែងតាំង អភិបាលរដ្ឋ Louisiana លោក Jeff Landry ជាបេសកជនពិសេសប្រចាំកោះ Greenland របស់ប្រទេសដាណឺម៉ាក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ បានបង្ហោះសារលើបណ្តាញ Truth Social យ៉ាងដូច្នេះថា «លោក Jeff យល់ច្បាស់ពីសារសំខាន់នៃកោះ Greenland ចំពោះសន្តិសុខជាតិរបស់យើង ហើយលោកនឹងប្រឹងប្រែងជំរុញ ផលប្រយោជន៍ប្រទេសរបស់យើង ដើម្បីសុវត្ថិភាព សន្តិសុខ ក៏ដូចជាការរស់រាននៃសម្ព័ន្ធមិត្តរបស់យើង និងប្រាកដណាស់ គឺពិភពលោកទាំងមូល»។
ក្នុងឆ្នាំនេះ លោក ត្រាំ ធ្លាប់បានលើកឡើងជាច្រើនសាថា កោះ Greenland ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក គួរតែក្លាយជាផ្នែកនៃសហរដ្ឋអាមេរិក ដោយសារហេតុផលសន្តិសុខ និងចំណាប់អារម្មណ៍ចំពោះធនធានរ៉ែរបស់ដែនកោះនេះ។ កាលពីខែមករា ដើមឆ្នាំ២០២៥ លោក Landry ធ្លាប់បានចេញមុខសរសើរគំនិតរបស់លោក ត្រាំ ដោយបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាត្រឹមត្រូវណាស់។ យើងចាំបាច់ត្រូវធានាឱ្យបានថា Greenland នឹងចូលរួមជាមួយសហរដ្ឋអាមេរិក។ វានឹងប្រសើរសម្រាប់ពួកគេ ហើយវាក៏នឹងប្រសើរសម្រាប់យើង។ ចូរសម្រេចរឿងនេះឱ្យបាន»។
គួរបញ្ជាក់ថា Greenland និងដាណឺម៉ាក បានច្រានចោលទាំងស្រុងចំពោះគំនិតខាងលើ។ ទោះបីក្នុងខែធ្នូនេះ សហរដ្ឋអាមេរិកនិង Greenland ទើបតែបានសន្យាបង្ហាញការគោរពគ្នាទៅវិញទៅមកក៏ដោយ រដ្ឋមន្រ្តីការបរទេសដែនកោះនេះ បានលើកឡើងថា ការបន្តអត្ថាធិប្បាយរបស់អាមេរិកជុំវិញ Greenland បានបង្កើតភាពស្រពេចស្រពិល ក្នុងចំណោមអ្នករស់នៅទីនោះ ហើយបានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការនិយាយដោយបើកចំហជាមួយសហរដ្ឋអាមេរិក៕





