ឧត្តមសេនីយ៍យោធារុស្ស៉ីម្នាក់ទៀត ស្លាប់នៅទីក្រុងមូស្គូ ក្រោយរថយន្តត្រូវបានបំផ្ទុះ

22-12-2025 14:57

(មូស្គូ)៖ ក្រុមអ្នកស៉ើបអង្កេតនៅប្រទេសរុស្ស៉ី បានឱ្យដឹងថា នាថ្ងៃចន្ទនេះ ឧត្តមសេនីយ៍យោធារុស្ស៉ីម្នាក់ត្រូវបានសម្លាប់ បន្ទាប់ពី​មានការបំផ្ទុះគ្រាប់បែក ដែលបង្កប់នៅក្រោមរថយន្តរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥។

លោកស្រី Svetlana Petrenko អ្នកនាំពាក្យគណៈកម្មាធិការស៉ើបអង្កេតរបស់រុស្ស៉ី បានឱ្យដឹងថា ឧត្តមសេនីយ៍ខាងលើ គឺលោកឧត្តមសេនីយ៍ឯក Fanil Sarvarov ដែលជាប្រធាននាយកដ្ឋានហ្វឹកហាត់ប្រតិបត្តិការ នៃសេនាធិការដ្ឋានកងកម្លាំងប្រដាប់អាវុធរុស្ស៉ី។ ហេតុការណ៍នោះ បានកើតឡើង​នៅភាគខាងត្បូងរដ្ឋធានីមូស្គូ កាលពីព្រឹកថ្ងៃចន្ទនេះ។

បើតាមលោកស្រី Petrenko ក្រុមអ្នកស៉ើបអង្កេត បានបើកការស៉ើបអង្កេតករណីនេះ ក្នុងទម្រង់ជាករណីឃាតកម្ម ហើយ​លទ្ធភាពមួយក្នុងចំណោមលទ្ធភាពដែលអាចទៅរួច គឺវាអាចជាការវាយប្រហារដែលធ្វើឡើង ដោយជាប់ពាក់ព័ន្ធជាមួយបណ្តាញស៉ើបការណ៍សម្ងាត់ របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលឧត្តមសេនីយ៍យោធារុស្ស៉ី ត្រូវបានគេធ្វើឃាត នៅក្នុងទឹកដីប្រទេសរុស្ស៉ី គិតចាប់តាំង​ពីសង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២៕