តម្លៃប្រេងកើនឡើង ក្រោយឮដំណឹងថាអាមេរិក តាមប្រមាញ់កប៉ាល់ដឹកប្រេងមួយគ្រឿង ចេញពីវ៉េណេស៊ុយអេឡា (Video inside)
22-12-2025 15:30
(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទនេះ តម្លៃប្រេងបានហក់ឡើងជិត ១ភាគរយ បន្ទាប់ពីក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិក បានស្ទាក់ចាប់កប៉ាល់ដឹកប្រេងមួយគ្រឿង នៅក្នុងដែនទឹកអន្តរជាតិ ក្រោយកប៉ាល់នេះ ចាកចេញពីឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ដែលបង្កជាភាពមិនច្បាស់លាស់ថែមទៀត ជុំវិញការផ្គត់ផ្គង់ថ្មី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ ២០២៥។
ប្រេងឆៅ Brent ឡើងថ្លៃ ៤៦សេន ឬ ០.៨ភាគរយ គឺ ៦០.៩៣ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate ឡើងថ្លៃ ៤៦សេន ឬ ០.៨ភាគរយ គឺ ៥៦.៩៨ដុល្លារក្នុងមួយបារ៉ែល។
ក្រុមមន្ត្រីបានប្រាប់ Reuters កាលពីថ្ងៃអាទិត្យថា ឆ្មាំអាមេរិកកំពុងតាមប្រមាញ់នាវាដឹកប្រេងមួយគ្រឿង នៅក្នុងដែនទឹកអន្តរជាតិ ក្បែរប្រទេសវ៉េណេស៊ុយអេឡា ដែលជាប្រតិបត្តិការលើកទីពីរនាចុងសប្តាហ៍ និងទី ៣ ក្នុងរយៈពេលតិចជាងពីរសប្តាហ៍ ប្រសិនបើជោគជ័យ។ សេតវិមាន មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
អ្នកវិភាគទីផ្សារប្រេងជាន់ខ្ពស់នៃក្រុមហ៊ុន Sparta Commodities លោក June Goh បាននិយាយថា ទីផ្សារហាក់រំជួលនឹងការពិតដែលថារដ្ឋបាល លោក ត្រាំ កំពុងប្រើវិធីសាស្រ្តតឹងរឹងចំពោះពាណិជ្ជកម្មប្រេងវ៉េណេស៊ុយអេឡា៕




