នីហ្សេរីយ៉ា៖ ក្មេងៗសិស្សសាលា ១៣០នាក់ត្រូវបានជួយសង្រ្គោះ ក្រោយពួកភេរវករចាប់ពង្រត់

22-12-2025 16:02

(YENAGOA)៖ អ្នកនាំពាក្យប្រធានាធិបតីនីហ្សេរីយ៉ា បានឱ្យដឹងថា សិស្សសាលាក្មេងៗនៅសល់ចំនួន ១៣០នាក់ ដែលត្រូវបានចាប់ពង្រត់ពីសាលារៀនកាតូលិកមួយ ក្នុងរដ្ឋ Niger កាលពីខែវិច្ឆិកា ត្រូវបានជួយសង្រ្គោះ និងមានសេរីភាពឡើងវិញហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ ២០២៥។

លោក Bayo Onanuga និយាយថា សិស្សសាលា ១៣០នាក់ ដែលត្រូវក្រុមភេរវករចាប់ពង្រត់យកទៅ ​រំពឹង​ថា​នឹង​មក​ដល់​ទីក្រុង Minna នាថ្ងៃ​ចន្ទនេះ ហើយជួបជុំ​ឪពុក​ម្តាយ​របស់​ពួកគេ​ឡើង​វិញ​ សម្រាប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល។ យោធាបានធ្វើប្រតិបត្តិការ ដើម្បីរំដោះពួកគេ។

សិស្ស​ទាំង​នោះ ​ស្ថិត​ក្នុង​ចំណោម​សិស្ស​ជាង ៣០០នាក់ និង​បុគ្គលិក ១២នាក់​ ដែល​ខ្មាន់​កាំភ្លើងបាន​ចាប់​ពី​សាលារៀន St Mary's Catholic ក្នុង​ភូមិ Papiri កាល​ពី​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា។ សមាគមគ្រិស្តបរិស័ទនៃប្រទេសនីហ្សេរីយ៉ា និយាយថា ក្មេងចំនួន ៥០នាក់បានរត់រួចពីការចាប់ពង្រត់នោះ។ កាលពីថ្ងៃទី៨ ខែធ្នូ រដ្ឋាភិបាលនីហ្សេរីយ៉ា បានអះអាងថាសង្រ្គោះមនុស្ស ១០០នាក់ បូកបន្ថែម ១៣០នាក់ទៀត គឺសរុប ២៣០នាក់៕