ចិនតវ៉ាចំពោះដំណើរទស្សនកិច្ចមន្ត្រីជប៉ុននៅតៃវ៉ាន់ ខណៈទីក្រុងតៃប៉ិជំរុញកិច្ចសហប្រតិបត្តិការ (Video inside)

22-12-2025 18:27

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានដាក់ពាក្យតវ៉ាផ្លូវការទៅកាន់ប្រទេសជប៉ុន ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចជប៉ុន (LDP) ទៅកាន់កោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បានបញ្ជាក់ថា «ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងបានដាក់ការតវ៉ាទៅកាន់ភាគីជប៉ុន» ដោយជំរុញឱ្យជប៉ុន «ឆ្លុះបញ្ចាំងឱ្យស៊ីជម្រៅពីកំហុសរបស់ខ្លួន»។

នៅទីក្រុងតៃប៉ិ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានទទួលជួបលោក កូអ៊ីឈិ ហាហ្គីអ៊ូដា (Koichi Hagiuda) និងបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធដើម្បីរក្សាស្ថិរភាពតំបន់។ លោក ឡៃ បានអំពាវនាវឱ្យប្រទេសប្រជាធិបតេយ្យ «ឈរជាមួយគ្នា ដើម្បីកុំឱ្យត្រូវបានគេកម្ទេចម្តងមួយៗ»។

ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលទំនាក់ទំនងរវាងចិន និងជប៉ុនធ្លាក់ចុះដល់កម្រិតទាបបំផុត បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈិ (Sanae Takaichi) បានព្រមានកាលពីខែមុនថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់ អាចបង្កឱ្យមានការឆ្លើយតបយោធាពីទីក្រុងតូក្យូ៕