របាយការណ៍មន្ទីរបញ្ចកោណ៖ ចិនទំនងជាដំឡើងមីស៊ីល ICBM ១០០គ្រាប់ ក្នុងមូលដ្ឋានមីស៊ីលក្រោមដី (Video inside)

23-12-2025 10:24

(វ៉ាស៊ីនតោន)៖ សេចក្ដីព្រាងរបាយការណ៍មួយរបស់មន្ទីរបញ្ចកោណដែលគូសបញ្ជាក់ពីការកើនឡើងនៃមហិច្ឆតាយោធារបស់ចិន បានឱ្យដឹងថាចិនទំនងជាបានដំឡើងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ជាង១០០ នៅឯមូលដ្ឋានមីស៊ីលក្រោមដីយ៉ាងហោច៣ទីតាំង និងមិនមានបំណងបើកកិច្ចចរចាលើការគ្រប់គ្រងអាវុធនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Reuters ដោយផ្អែកលើស្ថាប័ន Bulletin of the Atomic Scientists បានឱ្យទៀតថាចិនបាននិងកំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងស្ដុកអាវុធរបស់ខ្លួនលឿនជាងប្រទេសណាៗ ទាំងអស់ដែលជាមហាអំណាចប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។ តាមរបាយការណ៍របស់មន្ទីរបញ្ចកោណ ចិនទំនងជាបានដំឡើងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការដោយឥន្ធនៈរឹង DF-31 ជាង១០០គ្រាប់ នៅតាមមូលដ្ឋានមីស៊ីលក្រោមដីស្ថិតនៅតំបន់ព្រំដែនរបស់ចិនជាប់ប្រទេសម៉ុងហ្គោលី។ មន្ទីរបញ្ចកោណកន្លងមកក៏បានរាយការណ៍ដែរពីវត្តមានមូលដ្ឋានមីស៊ីល ក្រោមដី តែមិនបានបញ្ជាក់ចំនួនគ្រាប់មីស៊ីលដែលត្រូវបានដំឡើងនោះទេ។

ប៉ុន្តែ ទីក្រុងប៉េកាំងបានចាត់ទុករបាយការណ៍ស្ដីពីការអភិវឌ្ឍយោធារបស់ខ្លួនជាទង្វើមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ និងបរិហារចិន ព្រមទាំងមានចេតនាបំភ័ន្តសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើដដែល ការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនកំពុងដំំណើរការទៅមុខ ហើយកំពុងស្ថិតក្នុងលឿនឆ្ពោះទៅរកការផលិតបានក្បាលគ្រាប់នុយក្លេអ៊ែរ ជាង ១០០០គ្រាប់ នៅឆ្នាំ២០៣០៕