ប៉ាណាម៉ា ថានាវាដឹកប្រេងចេញពីវ៉េណេស៊ុយអេឡា ដែលអាមេរិកតាមប្រមាញ់ មិនបានគោរពច្បាប់ដែនសមុទ្រ (Video inside)

23-12-2025 11:49

(ប៉ាណាម៉ា)៖ រដ្ឋមន្រ្តីការបរទេសប៉ាណាម៉ា បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា នាវាដោតទង់ជាតិប៉ាណាម៉ា ដែលសហរដ្ឋអាមេរិកទើបស្ទាក់ចាប់នាពេលថ្មីៗ គឺមិនបានគោរពតាមច្បាប់ដែនសមុទ្រនៃប្រទេសប៉ាណាម៉ានោះទេ ហើយបានផ្តាច់ឧបករណ៍បញ្ជូនសញ្ញា ពេលកំពុងចេញពីដែនទឹកវ៉េណេស៊ុយអេឡាដោយដឹកប្រេងឆៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ ២០២៥។

លោក Javier Martinez-Acha បាននិយាយបែបនេះក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដោយបន្ថែមថា ប៉ាណាម៉ា នឹងចាត់វិធានការឱ្យបានសមស្រប។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីវិធានការនោះទេ។

ប៉ាណាម៉ា អនុញ្ញាតឱ្យនាវាមួយដោតទង់ជាតិរបស់ខ្លួន ជាការបញ្ជាក់ថាបានចុះឈ្មោះផ្លូវការ ហើយប្រទេសនេះ ក៏អាចលុបចោលការចុះឈ្មោះវិញ ប្រសិនបើស៊ើបអង្កេតឃើញថា នាវានោះមិនបានអនុវត្តតាមច្បាប់ដែនសមុទ្រ។ នាវាដឹកប្រេង Centuries ដែលត្រូវបានកំណត់គោលដៅដោយឆ្មាំសមុទ្រអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានចាកចេញពីវ៉េណេស៊ុយអេឡា និងមានដោតទង់ជាតិប៉ាណាម៉ា៕