ចិនរិះគន់ថា ការរឹបអូសកប៉ាល់ដោយអាមេរិក ជាទង្វើបំពានធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ (Video inside)
23-12-2025 13:27
(ប៉េកាំង)៖ កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ក្រសួងការបរទេសចិន បាននិយាយថា ការរឹបអូសកប៉ាល់១គ្រឿងទៀតដោយសហរដ្ឋអាមេរិក គឺជាទង្វើរំលោភបំពានធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ បន្ទាប់ពីអាមេរិកបានស្ទាក់ចាប់កប៉ាល់ដឹកប្រេង១គ្រឿង ដែលមានគោលដៅឆ្ពោះមកកាន់ប្រទេសចិន នៅក្បែរឆ្នេរប្រទេសវ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា វ៉េណេស៊ុយអេឡា មានសិទ្ធិអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសដទៃទៀត ហើយចិនជំទាស់ការដាក់ទណ្ឌកម្មនានា ដែលមានលក្ខណៈឯកតោភាគី និងខុសច្បាប់។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ឆ្មាំសមុទ្រអាមេរិកបានស្ទាក់ចាប់ កប៉ាល់ដឹកប្រេងទី២ នៅក្នុងដែនទឹកអន្តរជាតិ ក្បែរឆ្នេរវ៉េណេស៊ុយអេឡា ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសរាំងខ្ទប់កប៉ាល់ដឹកប្រេងជាប់ទណ្ឌកម្មទាំងអស់ មិនឱ្យចេញឬចូលវ៉េណេស៊ុយអេឡា។ ឯកសារបានបង្ហាញថា កប៉ាល់ដឹកប្រេងនោះមានឈ្មោះពិត Centuries បានចូលយកប្រេងនៅវ៉េណេស៊ុយអេឡា ក្រោមឈ្មោះក្លែងក្លាយ Crag និងផ្ទុកប្រេងវ៉េណេស៊ុយអេឡា Merey ប្រមាណ១.៨លានបារ៉ែល ដែលមានគោលដៅមកប្រទេសចិន។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់អ្នកនាំពាក្យសេតវិមាន កប៉ាល់ខាងលើបានដឹកប្រេងជាប់ទណ្ឌកម្ម ហើយជាផ្នែកនៃក្រុមកប៉ាល់ស្រមោល ឬកប៉ាល់គេចវេះទណ្ឌកម្ម របស់វ៉េណេស៊ុយអេឡា។ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានហៅការរឹបអូសកប៉ាល់នោះថា ជាទង្វើចោរសមុទ្រអន្តរជាតិ។ ចិនគឺជាអតិថិជនប្រេងធំបំផុតរបស់វ៉េណេស៊ុយអេឡា ដែលរ៉ាប់រ៉ងប្រហែល៤ភាគរយ នៃប្រេងឆៅនាំចូលសរុបរបស់ប្រទេសចិន៕






