យោធាអាមេរិក បើកការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន១គ្រឿងទៀត នៅភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក (Video inside)

23-12-2025 14:26

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ យោធាសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានផ្តាច់ជីវិតជនសង្ស័យរត់ពន្ធគ្រឿងញៀនម្នាក់ នៅលើទូក១គ្រឿង ដែលធ្វើដំណើរតាមច្រកផ្លូវ ដែលត្រូវបានអះអាងថា ជាច្រករត់ពន្ធគ្រឿងញៀននៅតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីបញ្ជាការយោធាអាមេរិក SOUTHCOM ដែលមើលការខុសត្រូវលើប្រតិបត្តិការនៅទ្វីបអាមេរិកខាងត្បូង បានប្រកាសថា កាលពី​ថ្ងៃទី២២ ខែធ្នូ ក្រោមការបង្គាប់បញ្ជាពីរដ្ឋមន្រ្តីការពារជាតិ លោក Pete Hegseth កងកម្លាំងយោធាអាមេរិក បានបើកការវាយប្រហារលើទូក១គ្រឿង ដែលធ្វើប្រតិបត្តិការដោយពួកភេរវករគ្រឿងញៀន នៅក្នុងដែនទឹកអន្តរជាតិ។

គួរបញ្ជាក់ថា មកទល់ពេលនេះ មនុស្សយ៉ាងហោច១០៥នាក់ហើយ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់យោធាអាមេរិក លើទូកសង្ស័យដឹកគ្រៀងញៀន ក្នុងយុទ្ធនាការដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មានគោលដៅ​ទប់ស្កាត់សកម្មភាពរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់។ កាលពីសប្តាហ៍មុន យោធាអាមេរិក ទើបតែបានវាយប្រហារលើទូក២គ្រឿង នៅភាគខាងកើតប៉ាស៉ីហ្វិកដូចគ្នា សម្លាប់មនុស្ស៥នាក់៕