លោក ត្រាំ ថា សហរដ្ឋអាមេរិក ត្រូវតែយកកោះ Greenland ឱ្យបាន ដើម្បីសន្តិសុខជាតិរបស់ខ្លួន (Video inside)

23-12-2025 14:51

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី២២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងសាជាថ្មីថា សហរដ្ឋអាមេរិក ត្រូវការកោះ Greenland សម្រាប់សន្តិសុខជាតិរបស់ខ្លួន ហើយបេសកជនពិសេសដែលរូបលោកបានតែងតាំង នឹងជាអ្នកដឹកនាំ​កិច្ចប្រឹងប្រែងនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ លោក ត្រាំ បានប្រកាសតែងតាំងអភិបាលរដ្ឋ Louisiana លោក Jeff Landry ជាប្រេសិតពិសេសរបស់លោកប្រចាំកោះ Greenland ជាហេតុនាំឱ្យមានការរិះគន់ជាថ្មីពីសំណាក់ប្រទេសដាណឺម៉ាក និង Greenland ជុំវិញចំណាប់អារម្មណ៍របស់ទីក្រុងវ៉ាស៉ីនតោន ចំពោះដែនកោះតំបន់អាកទិក ដែលសម្បូរដោយធនធានរ៉ែមួយនេះ។

លោក​ ត្រាំ ធ្លាប់បានលើកឡើងម្តងហើយម្តងទៀតចង់ឱ្យ Greenland ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក ក្លាយជាផ្នែកនៃ​សហរដ្ឋអាមេរិក ដោយសារតែសារសំខាន់ផ្នែកយុទ្ធសាស្រ្ត ហើយនិងធនធានរ៉ែរបស់ដែនកោះនេះ។ លោក Landry កាលពី​ដើមឆ្នាំនេះ ក៏បានបង្ហាញការការគាំទ្រចំពោះគំនិតលោក ត្រាំ ផងដែរ។

ថ្លែងចេញពីទីក្រុង Palm Beach រដ្ឋ Florida លោកប្រធានាធិបតីអាមេរិក បាននិយាយយ៉ាងដូច្នេះថា «យើងត្រូវកោះ Greenland ដោយសារសន្តិសុខជាតិ មិនមែនដោយសារធនធានរ៉ែទេ... ប្រសិនបើអ្នកក្រឡេកមើល Greenland ហើយពិនិត្យឱ្យច្បាស់តាមបណ្តោយឆ្នេរទាំងមូល អ្នកនឹងឃើញកប៉ាល់របស់រុស្ស៉ីនិងចិន នៅគ្រប់ទីកន្លែង។ យើងត្រូវការដែនកោះនេះ សម្រាប់សន្តិសុខ។ យើងចាំបាច់ត្រូវតែមាន Greenland»។ លោក ត្រាំ បានបន្ថែមថា លោក Landry ចង់ដឹកនាំកិច្ចប្រឹងប្រែងនេះ។

គួរបញ្ជាក់ថា ឆ្លើយតបចំពោះការបង្ហាញចំណាប់អារម្មណ៍ជាថ្មីរបស់សហរដ្ឋអាមេរិក នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen និងនាយករដ្ឋមន្រ្តី Greenland លោក Jens-Frederik Nielsen បានចេញសេចក្តីថ្លែងការណ៍រួមដូច្នេះថា «អ្នកមិនអាចមកក្រសោបយកប្រទេសដទៃឡើយ។ សូម្បីតែប្រើហេតុផលអំពីសន្តិសុខអន្តរជាតិក៏ដោយ។ Greenland គឺជាកម្មសិទ្ធិរបស់ប្រជាជនដែលរស់នៅលើដែនកោះនេះ ហើយសហរដ្ឋអាមេរិក មិនអាចមកកាន់កាប់ Greenland បានឡើយ»