ចិនទទូចឱ្យអាមេរិកអនុវត្តការទទួលខុសត្រូវរបស់ខ្លួន ស្តីពីកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ ក្រោយមន្ទីរបញ្ចកោណចេញរបាយការណ៍ អំពីមីស៉ីល ICBM របស់ចិន
23-12-2025 15:10
(ប៉េកាំង)៖ នាថ្ងៃអង្គារនេះ ចិនបានទទូចឱ្យសហរដ្ឋអាមេរិក បំពេញតាមការទទួលខុសត្រូវរបស់ខ្លួន ស្តីពីកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ បន្ទាប់ពីមន្ទីរបញ្ចកោណ បានបញ្ចេញរបាយការណ៍មួយ អំពីមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៣។
ថ្លែងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែធ្វើសកម្មភាពជាគំរូ ដើម្បីនាំឱ្យប្រទេសដទៃទៀតកាត់បន្ថយ ឬរំសាយអាវុធនុយក្លេអ៊ែរ។ លោក Lin បានបន្តថា ប្រទេសចិន ពុំមានបំណងបើកកិច្ចពិភាក្សាស្តីពីការគ្រប់គ្រប់អាវុធឡើយ ហើយមិនកំពុងធ្វើសកម្មភាពរត់ប្រណាំងអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសណាមួយនោះទេ។
គួរបញ្ជាក់ថា សេចក្តីព្រាងរបាយការណ៍មួយ របស់មន្ទីរបញ្ចកោណ ដែលគូសបញ្ជាក់ពីការកើនឡើងនៃមហិច្ឆតាយោធារបស់ចិន បានអះអាងថា ចិនទំនងជាបានដំឡើងមីស៉ីល ICBM ជាង១០០គ្រាប់ នៅតាមមូលដ្ឋានមីស៉ីលក្រោមដីយ៉ាងហោច៣ទីតាំង ហើយការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបសចិន កំពុងដំណើរការទៅមុខ ក្នុងល្បឿនមួយឆ្ពោះទៅរកការផលិតបាន ក្បាលគ្រាប់នុយក្លេអ៊ែរ លើស១០០០គ្រាប់ នៅឆ្នាំ២០៣០៕






