ឯកអគ្គរដ្ឋទូត និងអ្នកការទូតអាជីពអាមេរិកប្រចាំនៅបរទេសប្រហែល ៣០នាក់ ត្រូវបានហៅឱ្យត្រឡប់ចូលប្រទេសវិញ ក្រោមគោលនយោបាយ America First
23-12-2025 15:26
(វ៉ាស៉ីនតោន)៖ រដ្ឋបាលោក ត្រាំ កំពុងហៅឯកអគ្គរដ្ឋទូតនិងអ្នកការទូតអាជីពជាន់ខ្ពស់ផ្សេងទៀត សរុបប្រហែល ៣០នាក់ ឱ្យត្រឡប់មកសហរដ្ឋអាមេរិកវិញ ដោយធានាថាស្ថានទូតនានា ផ្តល់អាទិភាពចំពោះគោលនយោបាយ America First។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ ២០២៥។
ក្រសួងការបរទេសអាមេរិក បានបដិសេធផ្តល់ឈ្មោះអ្នកការទូត ដែលត្រូវបានហៅឱ្យត្រឡប់មកវិញ។ តាមមន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួង ការផ្លាស់ប្តូរនេះគឺជា «ដំណើរការស្តង់ដារនៃរដ្ឋបាលណាមួយ» ប៉ុន្តែក្រុមអ្នករិះគន់និយាយថា មិនដូច្នោះឡើយ។ មន្រ្តីដដែលនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ឯកអគ្គរដ្ឋទូត គឺបុគ្គលម្នាក់ ដែលតំណាងឱ្យប្រធានាធិបតី។ ហើយវាជាសិទ្ធិរបស់ប្រធានាធិបតី ក្នុងការសម្រេចថា តើបុគ្គលនៅក្នុងប្រទេសណាមួយ ត្រូវអនុវត្តតាមគោលនយោបាយ America First»។
តាមប្រភពផ្សេងទៀតដែលដឹងពីបញ្ហានេះ អ្នកការទូតជាន់ខ្ពស់ជិត៣០នាក់ ត្រូវបានបញ្ជាឱ្យត្រឡប់មកទីក្រុងវ៉ាស៉ីនតោនវិញ។ ពួកគេកាន់តួនាទីទៅក្នុងប្រទេសតូចៗ ជាទីដែលអ្នកតំណាងកំពូលរបស់អាមេរិក តាមទម្លាប់គឺចេញមកពីក្រុមអ្នកការទូតអាជីព ដែលមិនឈរជាមួយគណបក្សនយោបាយណាមួយ៕






