ប៉ូឡូញ បញ្ចេញយន្តហោះចម្បាំងដើម្បីល្បាត បន្ទាប់ពីរុស្ស៉ីវាយប្រហារអ៊ុយក្រែន

23-12-2025 15:49

(វាសូវី)៖ យន្តហោះចម្បាំងប៉ូឡូញ និងយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្ត ត្រូវបានដាក់ពង្រាយ នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ដើម្បីធានាសុវត្ថិភាពដែនអាកាសប៉ូឡូញ បន្ទាប់ពីរុស្ស៉ីវាយប្រហារតាមផ្លូវអាកាស ដោយកំណត់គោលដៅលើភាគខាងលិចអ៊ុយក្រែន ដែលនៅជាប់ព្រំដែនប៉ូឡូញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធណាតូ (NATO) ប្រចាំប៉ូឡូញ បញ្ជាក់ថា «យន្តហោះចម្បាំងត្រូវបានដាក់ពង្រាយ ហើយប្រព័ន្ធការពារដែនអាកាស និងប្រព័ន្ធឈ្លបយកការណ៍លើដី និងរ៉ាដាត្រូវបានបំពាក់ត្រៀមជាស្រេច។ វិធានការទាំងនេះ គឺជាការបង្ការទុកមុន ហើយមានគោលបំណងធានា និងការពារដែនអាកាស ពិសេសនៅតំបន់ ដែលនៅជាប់នឹងតំបន់រងការគំរាមកំហែង»

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលប៉ូឡូញ និងសម្ព័ន្ធមិត្ត បញ្ជូនយន្តហោះចម្បាំងចេញការពារដែនអាកាសប៉ូឡូញ ក្រោយពីមានសេចក្តីរាយការណ៍បន្តបន្ទាប់ អំពីការបំពានដោយដ្រូនរបស់រុស្ស៉ី អំឡុងពេលវាយប្រហារអ៊ុយក្រែន៕