ឥណ្ឌូណេស៉ី រឹតបន្តឹងការនាំចូលសម្លៀកបំពាក់ប្រើប្រាស់រួច
23-12-2025 16:05
(ហ្សាការតា)៖ ឥណ្ឌូណេស៉ី កំពុងបង្កើនការអនុវត្តច្បាប់ ហាមប្រាមនាំចូលសម្លៀកបំពាក់ប្រើប្រាស់រួច ដែលធ្វើឱ្យយុទ្ធនាការសន្សំសំចៃរបស់ប្រទេសនេះ ស្ថិតក្រោមការគំរាមកំហែង និងជំរុញឱ្យមានការព្រួយបារម្ភ អំពីការកើនឡើងនូវថ្លៃចំណាយក្នុងសង្គម ប៉ះពាល់ដល់ជីវភាពរស់នៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ ២០២៥។
ការបង្រ្កាប កំណត់គោលដៅលើតំបន់ជួញដូរពេញនិយម ដែលលក់សម្លៀកបំពាក់មួយទឹក និងអាចតថ្លៃបាន។ ខណៈការផ្លាស់ប្តូរនេះ មានបំណងដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសុខភាព ការអនុវត្តតឹងរ៉ឹងចំពោះទំនោរសន្សំសំចៃ គឺមិនទទួលបានការគាំទ្រឡើយ ដោយសារតែអ្នកលក់ត្រូវប្រឈមមុខ នឹងអនាគតមិនច្បាស់លាស់ ហើយអ្នកទិញបាត់លទ្ធភាពទិញសម្លៀកបំពាក់ ដែលខ្លួនចង់បានក្នុងតម្លៃសមរម្យ។
គ្រាន់តែនៅក្នុងឆ្នាំ ២០២៤ ឥណ្ឌូណេស៉ី បាននាំចូលសម្លៀកបំពាក់ប្រើប្រាស់រួចចំនួន ៣ ៨០០តោន។ ប៉ុន្តែវាបានផ្លាស់ប្តូរ កាលពីខែវិច្ឆិកា ពេលដែលអាជ្ញាធរព្រមានថា បើចាប់បានអ្នកនាំចូលទំនិញដោយខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងវិធានការតឹងរ៉ឹង។ ឧទាហរណ៍ អ្នកនាំចូលដែលមិនត្រឹមត្រូវ អាចត្រូវបានហាមប្រាមអស់មួយជីវិត មិនឱ្យនាំចូលទំនិញណាមួយ។
គួរបញ្ជាក់ថា អស់ជាច្រើនឆ្នាំមកនេះ ការសន្សំសំចៃបានក្លាយជាទម្លាប់មួយនៅឥណ្ឌូណេស៉ី ជំរុញដោយតម្រូវការសម្លៀកបំពាក់តម្លៃសមរម្យ និងម៉ូតប្លែកពីគេ។ សម្លៀកបំពាក់ទាំងនោះភាគច្រើនត្រូវបាននាំចូល ហើយដាក់លក់នៅទូទាំងប្រទេស៕




