អាមេរិកគ្រោងលុបចោលសំណើសុំសិទ្ធិជ្រកកោនរាប់ពាន់ករណី និងនិរទេសទៅប្រទេសទីបី (Video inside)

23-12-2025 18:55

(វ៉ាស៊ីនតោន)៖ សារព័ត៌មាន CBS News បានរាយការណ៍នៅថ្ងៃអង្គារនេះថា រដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសដើម្បីលុបចោល ឬចាត់ទុកជាមោឃៈនូវសំណើសុំសិទ្ធិជ្រកកោនរាប់ពាន់ករណី ដោយអះអាងថាជនទាំងនោះអាចត្រូវបាននិរទេសទៅកាន់ប្រទេសដែលមិនមែនជាស្រុកកំណើតរបស់ពួកគេ។

របាយការណ៍បានឱ្យដឹងថា មេធាវីអន្តោប្រវេសន៍អាមេរិក (ICE) កំពុងស្នើសុំឱ្យចៅក្រមបិទបញ្ចប់សំណុំរឿងទាំងនោះភ្លាមៗ ដោយមិនចាំបាច់បើកសវនាការពិនិត្យមើលសិទ្ធិឡើយ។ ពួកគេអះអាងថា ជនទាំងនោះអាចត្រូវបាននិរទេសទៅកាន់ប្រទេសផ្សេងទៀតដែលសុខចិត្តទទួលពួកគេ ដូចជា ហ្គាតេម៉ាឡា ហុងឌូរ៉ាស អេក្វាឌ័រ និងអ៊ូហ្គង់ដា ទោះបីជាប្រទេសទាំងនោះមិនមែនជាស្រុកកំណើតរបស់ពួកគេក៏ដោយ។

គួរបញ្ជាក់ថា យុទ្ធនាការនេះកើតឡើង ចំពេលដែលប្រធានាធិបតីអាមេរិក ដូលណាល់ ត្រាំ ត្រៀមបង្ក្រាបអន្តោប្រវេសន៍កាន់តែខ្លាំងក្លានៅឆ្នាំ២០២៦។ សភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន ១៧០ពាន់លានដុល្លារសម្រាប់ ICE និងល្បាតព្រំដែនរហូតដល់ខែកញ្ញា ឆ្នាំ២០២៩ ដែលជាការកើនឡើងយ៉ាងខ្លាំងពីថវិកាប្រចាំឆ្នាំបច្ចុប្បន្នដែលមានប្រហែល ១៩ពាន់លានដុល្លារ៕