រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលប្តេជ្ញាថា កងទ័ពនឹងមិនដកចេញទាំងស្រុងពីហ្គាហ្សាឡើយ (Video inside)

23-12-2025 20:32

(វ៉េសប៊ែង)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ (Israel Katz) បានប្រកាសនៅថ្ងៃអង្គារនេះថា យោធានឹងមិនដកចេញទាំងស្រុងពីតំបន់ហ្គាហ្សាឡើយ ដោយលើកហេតុផលសន្តិសុខ ហើយថែមទាំងមានផែនការបង្កើតអង្គភាព «ស៊ីវិល-យោធា» នៅទីនោះទៀតផង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ខេតស៍ បានថ្លែងថា «យើងស្ថិតនៅជ្រៅក្នុងហ្គាហ្សា ហើយយើងនឹងមិនចាកចេញពីហ្គាហ្សាទាំងអស់នោះទេ។ យើងនៅទីនោះដើម្បីការពារ ដើម្បីទប់ស្កាត់កុំឱ្យមានរឿងថ្ងៃទី៧ តុលា កើតឡើងម្តងទៀត»។ លោកបានបន្ថែមថា អ៊ីស្រាអែលមិនទុកចិត្តនរណាផ្សេងក្នុងការការពារពលរដ្ឋខ្លួនឡើយ។

ការលើកឡើងនេះហាក់ផ្ទុយពីផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក ដែលចែងថា អ៊ីស្រាអែលនឹងដកទ័ពចេញទាំងស្រុងជាបណ្តើរៗ និងមិនបង្កើតការតាំងទីលំនៅថ្មី។ ទោះយ៉ាងណា លោក ខេតស៍ បានបង្ហើបថា អ៊ីស្រាអែលនឹងសាងសង់អង្គភាពយោធាដែលរួមបញ្ចូលជនស៊ីវិលស្ម័គ្រចិត្ត (Nahal) នៅភាគខាងជើងហ្គាហ្សា។

នៅក្នុងពិធីប្រកាសសាងសង់លំនៅដ្ឋាន ១,២០០ខ្នងនៅតំបន់វែសប៊ែង (West Bank) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលរូបនេះ បានហៅរដ្ឋាភិបាលលោក នេតាន់យ៉ាហ៊ូ ថាជា «រដ្ឋាភិបាលនៃការតាំងទីលំនៅ» ហើយបានប្រកាសថា «យើងកំពុងស្ថិតនៅក្នុងយុគសម័យនៃអធិបតេយ្យភាពជាក់ស្តែង»៕