UN៖ យោធាមីយ៉ាន់ម៉ាប្រើ «អំពើហិង្សា» ដើម្បីបង្ខំប្រជាជនឱ្យទៅបោះឆ្នោត ខណៈក្រុមប្រដាប់អាវុធក៏ប្រើវិធីសាស្ត្រស្រដៀងគ្នាដើម្បីរារាំងមិនឱ្យទៅបោះឆ្នោត (Video inside)
23-12-2025 20:55
(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃអង្គារនេះថា របបយោធាមីយ៉ាន់ម៉ាកំពុងប្រើប្រាស់អំពើហិង្សា និងការគំរាមកំហែងដើម្បីបង្ខំប្រជាជនឱ្យទៅបោះឆ្នោតក្នុងការបោះឆ្នោតដែលនឹងមកដល់ ខណៈដែលក្រុមប្រឆាំងប្រដាប់អាវុធក៏កំពុងប្រើវិធីសាស្ត្រស្រដៀងគ្នាដើម្បីរារាំងប្រជាជនមិនឱ្យទៅបោះឆ្នោតផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក វ៉ុលឃើ ទួគ (Volker Turk) ស្នងការជាន់ខ្ពស់សិទ្ធិមនុស្ស UN បានថ្លែងថា «អាជ្ញាធរយោធាមីយ៉ាន់ម៉ាត្រូវតែបញ្ឈប់ការប្រើប្រាស់អំពើហិង្សាដ៏ឃោរឃៅដើម្បីបង្ខំប្រជាជនឱ្យបោះឆ្នោត និងបញ្ឈប់ការចាប់ខ្លួនមនុស្សដោយសារការបញ្ចេញមតិប្រឆាំង»។
ការបោះឆ្នោតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យខាងមុខ។ UN បានរាយការណ៍ថា យុវជនបីនាក់នៅតំបន់យ៉ាំងហ្គោន ត្រូវបានកាត់ទោសដាក់គុកចន្លោះពី ៤២ ទៅ ៤៩ឆ្នាំ ដោយសារព្យួរផ្ទាំងរូបភាពប្រឆាំងការបោះឆ្នោត។ លើសពីនេះ ជនភៀសខ្លួនត្រូវបានព្រមានថា នឹងត្រូវវាយប្រហារ ឬរឹបអូសផ្ទះសម្បែង ប្រសិនបើពួកគេមិនត្រឡប់ទៅបោះឆ្នោតវិញ។
ទន្ទឹមនឹងនេះ ក្រុមប្រឆាំងប្រដាប់អាវុធក៏បានគំរាមកំហែង និងចាប់ខ្លួនបុគ្គលិកបោះឆ្នោតផងដែរ រួមទាំងការវាយប្រហារគ្រាប់បែកលើការិយាល័យរដ្ឋបាល។ លោក វ៉ុលឃើ ទួគ បានសន្និដ្ឋានថា ការបោះឆ្នោតនេះកំពុងកើតឡើងនៅក្នុងបរិយាកាសនៃអំពើហិង្សា និងការគាបសង្កត់យ៉ាងច្បាស់៕




