លោក ហ្សេលេនស្គី៖ សេចក្តីព្រាងឯកសារសន្តិភាព និងការធានាសន្តិសុខរួចរាល់ហើយ ក្រោយកិច្ចចរចានៅ Miami (Video inside)

23-12-2025 21:57

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានប្រកាសនៅថ្ងៃអង្គារនេះថា សេចក្តីព្រាងឯកសារសំខាន់ៗជាច្រើន រួមទាំងឯកសារស្តីពីការធានាសន្តិសុខ ត្រូវបានរៀបចំរួចរាល់ហើយ បន្ទាប់ពីកិច្ចចរចាប្រកបដោយផ្លែផ្កាជាមួយមន្ត្រីអាមេរិកនៅទីក្រុង Miami។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានបញ្ជាក់នៅលើបណ្តាញសង្គម X ថា «ឯកសារទាំងនេះរួមមានការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ការស្តារប្រទេសឡើងវិញ និងក្របខណ្ឌមូលដ្ឋានសម្រាប់បញ្ចប់សង្គ្រាមនេះ»។ លោកបានសង្កត់ធ្ងន់ថា ចំណុចទាំងនេះត្រូវបានកំណត់ឡើងដើម្បីបញ្ចប់សង្គ្រាមជាក់ស្តែង និងទប់ស្កាត់ការឈ្លានពានលើកទីបីរបស់រុស្ស៊ីនៅពេលអនាគត។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់សារព័ត៌មានរុស្ស៊ីថា កិច្ចចរចារវាងរុស្ស៊ី និងអាមេរិកនៅ Miami មិនគួរត្រូវបានចាត់ទុកថាជាជោគជ័យដ៏ធំធេងនោះទេ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការវាយប្រហារផ្លូវអាកាសដ៏ធ្ងន់ធ្ងររបស់រុស្ស៊ីមកលើប្រព័ន្ធថាមពលអ៊ុយក្រែន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងបង្កឱ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង ខណៈពលរដ្ឋកំពុងត្រៀមអបអរបុណ្យណូអែល៕