ប្រមុខកងកម្លាំងប្រដាប់អាវុធលីប៊ីស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅតួកគីយ៉េ (Video inside)

24-12-2025 09:02

(តួកគីយ៉េ)៖ ក្រុមមន្ត្រីក្នុងប្រទេសតួកគីយ៉េ និងលីប៊ី បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៣ ខែធ្នូ ថាប្រមុខកងកម្លាំងប្រដាប់អាវុធលីប៊ី និងមន្ត្រីយោធាជាន់ខ្ពស់៤នាក់ផ្សេងទៀតបានស្លាប់ នៅពេលដែលយន្ដហោះ របស់ពួកគេបានធ្លាក់ ក្រោយហោះចេញពីរដ្ឋធានីអង់ការ៉ាបានបន្តិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមរដ្ឋមន្ត្រីមហាផ្ទៃតួកគីយ៉េ លោក Ali Yerlikaya បំណែកយន្ដហោះខ្នាតតូចធុន Falcon 50 ត្រូវបានរកឃើញដោយក្រុមមន្ត្រីសន្តិសុខតួកគីយ៉េ នៅក្នុងស្រុក Haymana ស្ថិតនៅក្បែររដ្ឋធានីអង់ការ៉ា។ ក្រុមការងារនៅលើយន្ដហោះ៣នាក់ផ្សេងទៀតក៏បានស្លាប់ផងដែរ។ នាយករដ្ឋមន្ត្រីលីប៊ី លោក Abdulhamid Dbeibah បង្ហោះសារលើ Facebook ដោយបានបង្ហោះពីភាពសោកសៅ និងសោកស្ដាយ យ៉ាងខ្លាំងដែលទទួលបានដំណឹងមរណភាពរបស់នាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធលីប៊ី លោកឧត្តមសេនីយ៍ Mohammed al-Haddad។

លោក Haddad កាលពីថ្ងៃអង្គារ បានបើកកិច្ចពិភាក្សាមួយក្នុងរដ្ឋធានីអង់ការ៉ាជាមួយរដ្ឋមន្ត្រីការពារជាតិតួកគីយ៉េ លោក Yasar Guler រួមទាំងសមភាគីតួកគីយ៉េរបស់លោក គឺ Selcuk Bayraktaroglu មុននឹងចាកចេញពីរដ្ឋធានីអង់ការ៉ាត្រឡប់ទៅកាន់រដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ីវិញ។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Yerlikaya បានបន្ថែមថាយន្ដហោះរបស់លោក Haddad បានហោះចេញពីអាកាសយានដ្ឋាន Esenboga នៃរដ្ឋធានីអង់ការ៉ា នៅម៉ោង ៨៖១០នាទីយប់ (ម៉ោងនៅតួកគីយ៉េ) ហើយបានដាច់ការទាក់ទងនៅ៤២នាទីក្រោយមក។

រដ្ឋមន្ត្រីមហាផ្ទៃតួកគីយ៉េបានឱ្យដឹងទៀតថាយន្ដហោះខាងលើបានស្នើសុំចុះបន្ទាន់នៅក្បែរស្រុក Haymana ចម្ងាយ៧៤គីឡូម៉ែត្រពីរដ្ឋធានីអង់ការ៉ា ប៉ុន្តែនៅតែមិនអាចទាក់ទងគ្នាបាន។ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់តួកគីយ៉េ បានឱ្យដឹងថាយន្ដហោះនេះបានស្នើសុំធ្វើការចុះចតជាបន្ទាន់ ដោយសារតែមានបញ្ហាប្រព័ន្ធអេឡិចត្រូនិក ១៦នាទីក្រោយហោះឡើង។ យន្ដហោះនេះមានផ្ទុកមនុស្ស ៨នាក់ ក្នុងនោះរួមមានទាំងលោក Haddad មន្ត្រីអមដំណើរលោក ៤នាក់ និងក្រុមការងារលើយន្ដហោះ៣នាក់។

ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុធ្លាក់យន្ដហោះខាងលើនៅឡើយទេ ហើយការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕