វ៉េណេស៊ុយអេឡា នឹងដាក់ទោសជាប់ពន្ធនាគារ ចំពោះអ្នកដែលគាំទ្រចំណាត់ការអាមេរិក ក្នុងការបិទខ្ទប់នាវាដឹកប្រេង (Video inside)
24-12-2025 11:14
(ការ៉ាកាស)៖ នាថ្ងៃអង្គារ ទី២៣ ខែធ្នូ រដ្ឋសភាវ៉េណេស៊ុយអេឡា បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងដាក់ទោសជាប់ពន្ធនាគាររយៈពេលវែងលើពលរដ្ឋ ដែលគាំទ្រចំណាត់ការបិទខ្ទប់របស់សហរដ្ឋអាមេរិក ទៅលើនាវាដឹកប្រេងដែលទីក្រុងការ៉ាកាស ចាត់ទុកជាអំពើលួច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមច្បាប់ថ្មីនេះ ជនជាតិវ៉េណេស៊ុយអេឡារូបណា ដែលត្រូវបានរកឃើញថា គាំទ្រចំណាត់ការបិទខ្ទប់ប្រេងពីសំណាក់បរទេស នឹងត្រូវជាប់ពន្ធនាគារពី ១៥ ទៅ ២០ឆ្នាំ រួមជាមួយការពិន័យជាប្រាក់លើសពី ១លានដុល្លារ។ វាក៏រួមបញ្ចូលនូវបទប្បញ្ញត្តិ ដែលមានគោលបំណងការពារប្រតិបត្តិករពាណិជ្ជកម្ម ដែលរងផលប៉ះពាល់ដោយវិធានការបិទខ្ទប់នាវាដឹកប្រេងវ៉េណេស៊ុយអេឡា ពីសំណាក់សហរដ្ឋអាមេរិក រួមទាំងការទទួលបានជំនួយផ្នែកច្បាប់ដែលឧបត្ថម្ភដោយរដ្ឋផងដែរ។
ច្បាប់នេះត្រូវបានដាក់ចេញ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងក្រុងវ៉ាស៉ីនតោន និងរដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ក្រោយសហរដ្ឋអាមេរិកធ្វើសកម្មភាពជាបន្តបន្ទាប់ ផ្តោតលើការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា៕






