លោក ត្រាំ អញ្ជើញប្រទេសអាស៉ីកណ្តាលចំនួនពីរ មកកាន់កិច្ចប្រជុំ G20 ឆ្នាំក្រោយ (Video inside)

24-12-2025 11:51

(Florida)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោកបានជជែក ជាមួយប្រធានាធិបតីនៃប្រទេសកាហ្សាក់ស្ថាន និងប្រធានាធិបតីនៃប្រទេសអ៊ូសបេគីស្ថាន ហើយបានអញ្ជើញមេដឹកនាំទាំងពីរ មកចូលរួមកិច្ចប្រជុំ G20 នាឆ្នាំ ២០២៦ ដែលគ្រោងធ្វើឡើងក្នុងទីក្រុង Miami​ រដ្ឋ Florida។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ ២០២៥។

ដោយសំដៅទៅជំនួបតាមទូរស័ព្ទជាមួយ លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ និងលោក Shavkat Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន លោក ត្រាំ បានគូសបញ្ជាក់តាមបណ្តាញ Truth Social យ៉ាងដូច្នេះថា «យើងបានពិភាក្សាអំពីសារៈសំខាន់នៃការនាំមកនូវសន្តិភាព ដល់ជម្លោះដែលកំពុងបន្ត ការបង្កើនទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិរបស់យើង»

បើតាមលោក ត្រាំ កិច្ចប្រជុំ G20 ដែលសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយ មេដឹកនាំកាហ្សាក់ និងអ៊ូសបេគីស្ថាន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនាមជាភ្ញៀវកិត្តិយស៕