កងទ័ពអ៊ុយក្រែន ដកថយចេញពីក្រុង Siversk នៅភាគខាងកើត បន្ទាប់ពីការវាយលុករបស់រុស្ស៉ី (Video inside)
24-12-2025 14:02
(កៀវ)៖ យោធាអ៊ុយក្រែនកាលពីថ្ងៃអង្គារ ទី២៣ ខែធ្នូ បាននិយាយថា កងកម្លាំងរបស់ខ្លួន បានដកថយចេញពីក្រុង Siversk ភាគខាងកើតប្រទេស ស្របពេលដែលកងទ័ពរុស្ស៉ី កំពុងបន្តប្រតិបត្តិការវាយលុកលើសមរភូមិ ក្រោមគោលដៅវាយយកក្រុងសំខាន់ៗ
សម្រាប់ការការពាររបស់អ៊ុយក្រែន នៅតំបន់ភាគខាងកើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានសម្រេចដកថយកងទ័ព ដើម្បីរក្សាអាយុជីវិតនិងធនធាន ប៉ុន្តែបានអះអាងថា កងកម្លាំងខ្លួន ក៏បានធ្វើឱ្យសត្រូវខាតបង់ធ្ងន់ធ្ងរផងដែរ។ រុស្ស៉ីបានអះអាងថា ខ្លួនដណ្តើមយកបានក្រុង Siversk តាំងពី២សប្តាហ៍មុនមកម៉្លេះ ប៉ុន្តែនាពេលនោះ ទីក្រុងកៀវបានបដិសេធ។ ទោះបីបានដកទ័ពថយក៏ដោយ យោធាអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ខ្លួន នឹងបន្តដាក់សម្ពាធលើក្រុង Siversk ហើយព្យាយាមកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់ សម្រាប់កងទ័ពរុស្ស៉ីនៅក្នុងនោះ។
គួរបញ្ជាក់ថា ការបាត់បង់ក្រុង Siversk គឺចំពេលដែលអ៊ុយក្រែន កំពុងស្ថិតក្រោមសម្ពាធរបស់អាមេរិក ដែលចង់ឱ្យចរចារកសន្តិភាពបានឆាប់ៗ សម្រាប់សង្រ្គាមដែលអូសបន្លាយ ជិត៤ឆ្នាំមកហើយ ក្រោយការឈ្លានពានរបស់រុស្ស៉ី ហើយប្រការនេះនឹងបើកផ្លូវឱ្យ កងទ័ពរុស្ស៉ីខិតកាន់តែទៅជិតទីក្រុងសំខាន់មួយទៀត គឺ Sloviansk ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រ ពីភាគខាងលិចក្រុង Siversk។ ទីក្រុង Sloviansk ត្រូវបានចាត់ទុកជា យុថ្កាមួយនៅភាគខាងជើង នៃក្រុមទីក្រុងខ្សែក្រវាត់ការពារនៅក្នុងតំបន់ Donbas ដែលរុស្ស៉ីចង់បានពីអ៊ុយក្រែន មុនខ្លួនយល់ព្រមបញ្ចប់សង្រ្គាម៕




