ប៉ូលិសរុស្ស៉ី២នាក់ស្លាប់ដោយសារផ្ទុះគ្រាប់បែក នៅទីក្រុងមូស្គូ ក្បែរកន្លែងធ្វើឃាតឧត្តមសេនីយ៍រុស្ស៉ីម្នាក់ កាលពីប៉ុន្មានថ្ងៃមុន (Video inside)
24-12-2025 14:26
(មូស្គូ)៖ នាថ្ងៃពុធនេះ មនុស្សសរុប៣នាក់បានស្លាប់ដោយសារគ្រាប់បែក នៅទីក្រុងមូស្គូនៃប្រទេសរុស្ស៉ី ស្របពេលដែលប៉ូលិស២នាក់ បានដើរទៅរកបុរសបង្ហាញសកម្មភាពគួរឱ្យសង្ស័យម្នាក់ នៅក្បែរកន្លែងដែលឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់យោធារុស្ស៉ី ត្រូវបានធ្វើឃាតកាលពី២ថ្ងៃមុន តាមរយៈការបំផ្ទុះរថយន្ត ដែលរុស្ស៉ីចោទថា ជាស្នាដៃរបស់ចារកម្មអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥។
ក្រុមអ្នកស៉ើបអង្កេតរុស្ស៉ី បាននិយាយថា នៅពេលមន្រ្តីប៉ូលិស២នាក់ បានដើរទៅរកបុរសម្នាក់ដែលបានធ្វើសកម្មភាពគួរឱ្យសង្ស័យ ពួកគេត្រូវបានសម្លាប់ដោយគ្រឿងផ្ទុះ ហើយបុគ្គលទី៣ ក៏បានស្លាប់ផងដែរ ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់ថា ជនទី៣នោះ ជានរណាឱ្យប្រាកដទេ។
យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៉ីនៅលើបណ្តាញ Telegram បានអះអាងថា ជនទី៣ ដែលស្លាប់ គឺបុរសសង្ស័យ ដែលបានចុចបំផ្ទុះខ្លួនឯង នៅពេលប៉ូលិសទាំង២នាក់ ដើរសំដៅទៅរក។ ហេតុការណ៍នោះ បានកើតឡើងនៅកៀកនឹងទីតាំង ដែលឧត្តមសេនីយ៍យោធាផ្កាយ៣រុស្ស៉ីម្នាក់ ឈ្មោះ Fanil Sarvarov ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
គួរបញ្ជាក់ថា អំឡុងជម្លោះរយៈពេលជិត៤ឆ្នាំមកនេះ មន្រ្តីយោធាជាន់ខ្ពស់ និងអ្នកគាំទ្រល្បីៗរបស់រុស្ស៉ី នៃសង្រ្គាមនៅអ៊ុយក្រែន ត្រូវបានគេធ្វើឃាត ហើយករណីវាយប្រហារជាច្រើនក្នុងចំណោមនោះ ត្រូវបានបណ្តាញចារកម្មយោធាអ៊ុយក្រែន ចេញមុខអះអាងថា គឺជាស្នាដៃរបស់ខ្លួន៕




