អាមេរិក កំណត់គោលដៅដាក់បម្រាមទិដ្ឋាការលើ​អតីត​ស្នងការ​សហភាព​អឺរ៉ុប និងសកម្មជន​មួយចំនួន (Video inside)

24-12-2025 14:56

(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ បានដាក់បម្រាមទិដ្ឋាការលើអតីតស្នងការសហភាពអឺរ៉ុប និងជាអ្នកធ្វើយុទ្ធនាការ ប្រឆាំងព័ត៌មានមិនពិត ដោយលើកឡើងពីភាពជាប់ពាក់ព័ន្ធ ក្នុងការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ ២០២៥។

មន្រ្តីរបស់លោក ត្រាំ បានណែនាំឱ្យអ្នកការទូតអាមេរិក ជំទាស់នឹងច្បាប់សេវាកម្មឌីជីថល (DSA) របស់សហភាពអឺរ៉ុប ជាច្បាប់មួយដែលប្រយុទ្ធប្រឆាំង នឹងវោហាសាស្រ្តមានលក្ខណៈស្អប់ខ្ពើម ព័ត៌មានមិនពិត និងក្លែងក្លាយ ប៉ុន្តែត្រូវបានទីក្រុងវ៉ាស៉ីនតោនបរិយាយថា ជាច្បាប់ដែលរារាំងការបញ្ចេញមតិដោយសេរី ហើយធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកអស់លុយ។

បម្រាមទិដ្ឋាការនេះ ត្រូវបានដាក់ចេញបន្ទាប់ពីក្រុមការងារយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក ក្នុងខែនេះបាននិយាយថា មេដឹកនាំអឺរ៉ុបកំពុងដកហូតការបញ្ចេញមតិដោយសេរី និងប្រឆាំងគោលនយោបាយអន្តោប្រវេសន៍។ តាមរដ្ឋមន្រ្តីការរបទេសអាមេរិក លោក Marco Rubio មនុស្ស ៥នាក់ដែលមានក្នុងគោលដៅដាក់បម្រាមទិដ្ឋាការ គឺបានដឹកនាំកិច្ចខិតខំប្រឹងប្រែងរៀបចំ ដើម្បីបង្ខិតបង្ខំឱ្យវេទិការប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចូលទៅក្រោមការត្រួតពិនិត្យ បន្សាប និងបង្ក្រាបទស្សនៈរបស់អាមេរិក ដែលពួកគេប្រឆាំង។

លោក Rubio មិនបានបញ្ចេញឈ្មោះអ្នកទាំង ៥នោះទេ ប៉ុន្តែមន្រ្តីជាន់ខ្ពស់ផ្នែកការទូតសាធារណៈនៃក្រសួងការបរទេសអាមេរិក លោកស្រី Sarah Rogers បានកំណត់អត្តសញ្ញាណពួកគេនៅលើបណ្តាញសង្គម X ដែលមានដូចជាអតីតនាយកប្រតិបត្តិធុរកិច្ច ជនជាតិបារាំង លោក Thierry Breton ដែលបានបម្រើការជាស្នងការអឺរ៉ុបពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៤។ ភ្លាមៗនេះ Reuters មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕