សេដ្ឋកិច្ចព្រិលទឹកកក៖ សក្តានុពលថ្មីនៃកំណើនសេដ្ឋកិច្ចជាតិចិន

24-12-2025 16:17

(ប៉េកាំង)៖ កាលពីអតីតកាល តំបន់ជាច្រើននៅភាគឦសានរបស់ប្រទេសចិនតែងមានទិដ្ឋភាពស្ងប់ស្ងាត់ក្នុងរដូវរងា ពោលគឺស្ងាត់ទាំងទេសចរ ស្ងាត់ទាំងពលរដ្ឋក្នុងសហគមន៍ ដោយភាគច្រើនសម្ងំនៅតែក្នុងផ្ទះ ជាពិសេសប្រជាកសិករទូទៅ មិនអាចធ្វើស្រែចម្ការបានដោយសារសីតុណ្ហភាពរងាខ្លាំង។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះជាស្ថិតក្នុងសីតុណ្ហភាពក្រោមសូន្យ២០ ,៣០ ឬសឹងតែ៤០ អង្សាសេក៏ដោយ ក៏រមណីយដ្ឋាននានានៅតំបន់ភាគឦសាននៃប្រទេសចិនមានសភាព«ក្តៅគគុក» ពោលគឺមានភ្ញៀវទេសចរណែនណាន់តាន់តាប់រីករាយជាមួយនឹងផលិតផលទេសចរណ៍ព្រិលទឹកកក ដែលត្រូវគេហៅថា«សេដ្ឋកិច្ចព្រិលទឹកកក»

និយាយដល់សេដ្ឋកិច្ចព្រិលទឹកកក យើងមកស្វែងយល់អំពីដំណើរវិវត្តន៍របស់វានៅក្នុងប្រទេសចិន ៖ នៅទសវត្សរ៍ឆ្នាំ៦០ នៃសតវត្សរ៍ទី២០ ក្រុង ហាអឺពីន ទីរួមខេត្ត ហីឡុងជាំង បានរៀបចំពិធីកម្សាន្តក្នុងសួនព្រិលទឹកកក ដែលជារូបរាងដំបូង នៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិន ។ ឆ្នាំ១៩៩៨ ក្រុង ហាអឺពីន បានរៀបចំបុណ្យជិះស្គីលើព្រិល ដែលបានធ្វើឱ្យទីក្រុងមួយនេះ ចាប់ផ្តើមក្លាយជារមណីយដ្ឋានទេសចរណ៍ព្រិលទឹកកកល្បីឈ្មោះនៅប្រទេសចិន ។ ឆ្នាំ២០១៥ ក្នុងខណៈពេលដែលក្រុងប៉េកាំង បានស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដោយជោគជ័យ សេដ្ឋកិច្ចព្រិលទឹកកករបស់ចិនទទួលបាន កាលានុវត្តភាពអភិវឌ្ឍន៍ដែលពុំធ្លាប់មាន ពោលគឺទំហំឧស្សាហកម្មសេដ្ឋកិច្ចព្រិលទឹកកកបានកើនឡើងពី២៧០ ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០១៥ រហូតដល់៩៧០ ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៤ ហើយនឹងកើនលើស១ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៥ នេះ។

បើតាមលិខិតរបស់ការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលប្រកាសនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋាភិបាលចិននឹងខិតខំជំរុញ សេដ្ឋកិច្ចព្រិលទឹកកកឱ្យក្លាយជាចន្ទល់ថ្មីនៃកំណើនសេដ្ឋកិច្ចជាតិ ពោលគឺបើតាមផែនការ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកក នឹងឡើងដល់១.២ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៧ លុះដល់ឆ្នាំ២០៣០ នឹងមានទំហំសរុបលើសពី១.៥ ទ្រីលានយាន់ប្រាក់ចិន។

ការទាញយកផលប្រយោជន៍ពីធនធានព្រិលទឹកកកធម្មជាតិ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ពិសេសប្រចាំរដូវរងា បានធ្វើឱ្យផលិតផលទេសចរណ៍របស់ចិន កាន់តែសម្បូរបែប ពិសេសតំបន់ភាគឦសាននិងខាងជើងដែលគ្របដណ្តប់ ដោយព្រិលទឹកកក បើមិនច្នៃប្រឌិតធនធានធម្មជាតិនេះឱ្យកើតជាប្រយោជន៍ខាងសេដ្ឋកិច្ចទេ នោះនឹងត្រូវខាតបង់ចំណូល ខាងវិស័យទេសចរណ៍យ៉ាងច្រើនក្នុងរដូវរងា។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្តល់អនុសាសន៍ណែនាំជាច្រើនលើកថា «ដែនដីដែលគ្របដណ្តប់ដោយព្រិលទឹកកកក៏ជាភ្នំមាសភ្នំប្រាក់» ដែលមានន័យថា ត្រូវប្រើប្រាស់ធនធានព្រិលទឹកកកធម្មជាតិ ដើម្បីបង្កើតជាទ្រព្យសម្បត្តិ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ផ្អែកលើធនធានព្រិលទឹកកកដ៏សម្បូរបែបនិងមានលក្ខណៈពិសេស តំបន់ភាគឦសានរបស់ចិន បានច្នៃប្រឌិតនិងបញ្ចេញផលិតផលទេសចរណ៍រដូវរងាកាន់តែច្រើនឡើងៗ ពោលគឺបានវិវឌ្ឍទៅជារូបមន្ត «ទេសចរណ៍វប្បធម៌+កីឡាកម្សាន្ត» ចាប់ពីការដើរទស្សនាទេសភាពធម្មជាតិ ដែលគ្របដណ្តប់ដោយព្រិលទឹកកក ដល់ការទស្សនាចម្លាក់ទឹកកក រហូតដល់ការដកបទពិសោធជាមួយនឹង វប្បធម៌ព្រិលទឹកកកឬកីឡាកម្សាន្តព្រិលទឹកកកដោយផ្ទាល់ ដូចជាការជិះស្គី , ការស្ទូចត្រីលើបឹងឬទន្លេទឹកកក និងការឡើងភ្នំព្រិលជាដើម ។ «ផលិតផលទេសចរណ៍ព្រិលទឹកកកប្រពៃណី +ផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មី» មិនត្រឹមតែបានជំរុញដល់ការប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានជំរុញដល់ការអភិវឌ្ឍ នៃឧស្សាហកម្មផលិតសម្ភារៈពាក់ព័ន្ធ និងសេវាកម្មទេសចរណ៍ជាដើមដែលបង្កើតបានជា ខ្សែចង្វាក់ឧស្សាហកម្មសេដ្ឋកិច្ចព្រិលទឹកកក ដ៏ពេញលេញ។

ក្រុង ហាអឺពីន ទីរួមខេត្ត ហីឡុងជាំង ដែលស្ថិតនៅភាគឦសានប្រទេសចិនជាតំបន់គំរូ នៃការអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកក របស់ប្រទេសចិន។ «សួនពិភពលោកព្រិលទឹកកក» ដែលបើកទទួលភ្ញៀវរៀងរាល់រដូវរងា បានក្លាយជា «នាមបណ្ណមាស»នៃឧស្សាហកម្មទេសចរណ៍រដូវរងារបស់ក្រុង ហាអឺពីន ដែលបានបង្កើនចំណូលសេដ្ឋកិច្ចច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ សម្រាប់រដ្ឋបាលតំបន់និងពលរដ្ឋនៅតំបន់ជុំវិញ។ «ចម្លាក់ទឹកកក+បច្ចេកវិទ្យាភ្លឺពណ៌វៃឆ្លាត+អន្តរកម្មAI»បានផ្តល់ជូនទេសចរនូវទស្សនីយភាពវប្បធម៌ប្រពៃណីចិន+បច្ចេកវិទ្យា ដែលបានទាក់ទាញទេសចរគ្រប់វ័យនិងគ្រប់ជាតិសាសន៍ គ្រាន់តែបើកទ្វារថ្ងៃទីមួយ សួនកម្សាន្តនេះក៏ទទួលបានភ្ញៀវទេសចរជាង៤.៥ ម៉ឺននាក់ ។ តាមទិន្នន័យស្ថិតិ សេដ្ឋកិច្ចព្រិលទឹកកក បានរួមចំណែករហូតដល់ទៅជិត៣០% នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ក្រុង ហាអឺពីន ក្នុងឆ្នាំ២០២៤ ដែលបានបង្ហាញពីភាពចាស់ទុំ និងប្រសិទ្ធភាពនៃរូបមន្តអភិវឌ្ឍន៍សេដ្ឋកិច្ចព្រិលទឹកកករបស់ក្រុង ហាអឺពីន។

ក្រៅពីនេះ នៅតំបន់ជាច្រើននៃប្រទេសចិនដែលមានធនធានព្រិលទឹកកក ក៏បានខិតខំស្វែងរកវិធីសាស្ត្រថ្មី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកក ទៅតាមលក្ខខណ្ឌរបស់ខ្លួនផងដែរ តួយ៉ាងដូចជាតំបន់ស៊ីនជាំង , ម៉ុងហ្គោលីក្នុង និងក្រុងប៉េកាំងជាដើម បាននាំគ្នាបញ្ចេញផលិតផលទេសចរណ៍ព្រិលទឹកកកថ្មីៗ ដែលធ្វើឱ្យ «China Travel»មានភាពពេញនិយមគ្រប់រដូវកាល។

កាលពីដើម រដូវរងាត្រូវបានប្រជាជនចិនហៅថា «រដូវកាលមានទេសចរតិច» ប៉ុន្តែបច្ចុប្បន្ននេះ វាបានក្លាយជា «រដូវកាលមាស នៃវិស័យទេសចរណ៍»។ ការងើបឡើងនៃសេដ្ឋកិច្ចព្រិលទឹកកក បានជំរុញការងើបឡើងនៃវិស័យពាក់ព័ន្ធ គិតត្រឹមតែក្នុងឆ្នាំ២០២៤ ក៏មានសហគ្រាសប្រកបអាជីពពាក់ព័ន្ធនឹង វិស័យទេសចរណ៍ព្រិលទឹកកកចំនួនជាង១.៣ ម៉ឺនសហគ្រាសដែលកើនឡើង១៧% បើប្រៀបធៀបនឹងឆ្នាំ២០២៣។

ក្នុងដំណើរការអភិវឌ្ឍន៍ «សេដ្ឋកិច្ចព្រិលទឹកកក» នវានុវត្តន៍ខាងគោលនយោបាយបន្ស៊ីគ្នាជាមួយតម្រូវការទីផ្សារ បានក្លាយជាកម្លាំងចលករថ្មីសម្រាប់ជំរុញ ទាំងការប្រើប្រាស់និងការបង្កើនចំណូលរបស់ប្រជាជន។ ផលលាភដែលបានពី «ភ្នំមាសភ្នំប្រាក់» នេះនឹងរួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ចជាតិរបស់ប្រទេសចិនជាបន្តបន្ទាប់ ក៏ដូចជាបានចែករំលែកឱកាសទីផ្សារថ្មី ជាមួយពិភពលោកទាំងមូលផងដែរ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន