បទវិភាគ៖ មិនអនុញ្ញាតពួកស្តាំនិយមរបស់ជប៉ុន បង្វិលកង់ប្រវត្តិសាស្ត្រឱ្យថយក្រោយជាដាច់ខាត

24-12-2025 16:54

(ប៉េកាំង)៖ “ពាក្យសម្តីស្តីពីជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ បានល្មើសនឹងគោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” “ចាំបាច់ត្រូវទប់ស្កាត់មហិច្ឆតារបស់ជប៉ុន ដែលចង់មានអាវុធនុយក្លេអ៊ែរ ” “រដ្ឋាភិបាលជប៉ុនចាំបាច់ ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួន”។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិននឹងពាក្យសម្តីដ៏ខុសឆ្គងរបស់ មន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានអះអាងយ៉ាងកម្រោលថា “ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ” មតិអន្តរជាតិបានរិះគន់ជាទូទៅ។

ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនធ្លាប់ផ្សាយដំណឹងឱ្យដឹងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន គ្រោងនឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” លោក Koizumi Shinjiroរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានអះអាងថា មិនច្រានចោលជម្រើសណាទាំងអស់ខណៈពេលជំរុញកិច្ចពិគ្រោះពិភាក្សាអំពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ទង្វើប្រកបដោយគ្រោះថ្នាក់របស់រដ្ឋាភិបាលជប៉ុនជាបន្តបន្ទាប់ ក្នុងបញ្ហាគួរតែមានអាវុធនុយក្លេអ៊ែរ មិនត្រឹមតែបានបង្ករឿងហេតុចំពោះសណ្តាប់ធ្នាប់អន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរនិង ប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះការអភិវឌ្ឍដោយសន្តិភាពរបស់សកលលោកទៀតផង។

កាលពីឆ្នាំ១៩៦៧ ខណៈពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភា លោក Sato Eisaku នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះបានលើកឡើងពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ពោលគឺ មិនមាន មិនផលិតនិងមិននាំចូលអាវុធនុយក្លេអ៊ែរ ។ នៅឆ្នាំ១៩៧១ “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ”ត្រូវដាក់បញ្ចូលជាផ្លូវការក្នុងសេចក្តីសម្រេចចិត្ត នៃសភាតំណាងរាស្ត្ររបស់ជប៉ុន ដែលបានក្លាយជាខ្សែបន្ទាត់ខាងទំនុកចិត្ត សម្រាប់បង្ហាញពីគោលជំហរសន្តិភាពរបស់ខ្លួនទៅកាន់បរទេស ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈដ្ឋាននយោបាយរបស់ជប៉ុនមាននិន្នាការឆ្ពោះទៅរកនយោបាយស្តាំនិយមកាន់តែខ្លាំងឡើងៗ ។ បន្ទាប់ពីឡើងកាន់មុខតំណែង រដ្ឋាភិបាលរបស់លោកស្រី Sanae Takaichi បានធ្វើវិធានការមួយចំនួនលើ វិស័យពង្រីកសព្វាវុធ ដែលបានលាតត្រដាងនូវមហិច្ឆតា ដែលចង់ឱ្យយោធានិយមងើបឡើងវិញ ហើយបានប្រែពាក្យសម្តី “គ្មាននុយក្លេអ៊ែរ”របស់ជប៉ុនទៅជាសែកស្អុយ។

បើមើលពីផ្លូវច្បាស់អាចឃើញថា ការប៉ុនប៉ងរបស់ជប៉ុនដែលចង់មានអាវុធនុយក្លេអ៊ែរ បានល្មើសនឹងកាតព្វកិច្ចរបស់ ច្បាប់អន្តរជាតិដែលបានកំណត់ក្នុងឯកសារ ដូចជា《សេចក្តីប្រកាសក្រុង Potsdam》ជាដើម និងការរិតត្បិតនៃច្បាប់ក្នុងស្រុក ដូចជា “ធម្មនុញ្ញសន្តិភាព”។ ក្នុងនាមជាប្រទេសគ្មានអាវុធនុយក្លេអ៊ែរដែលបានចុះហត្ថលេខាលើ «សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» ជប៉ុនចាំបាច់ត្រូវគោរពទាំងស្រុងនូវការកំណត់ស្តីពីការមិនទទួល មិនផលិត មិនកាន់កាប់និងមិនរីកសាយភាពអាវុធនុយក្លេអ៊ែរ។

បើមើលពីសីលធម៌អាចឃើញថា ក្នុងនាមជាប្រទេសឈ្លានពានក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនបានជាប់ទោសដ៏ឃោរឃៅបំផុត ក្នុងប្រវត្តិសាស្ត្រ ដែលគ្មានលក្ខណសម្បតិ្តខាងសីលធម៌សម្រាប់កាន់កាប់អាវុធនុយក្លេអ៊ែរ ។ ប្រការដែលគួរឱ្យប្រុងប្រយ័ត្នខ្ពស់ ការមានអាវុធនុយក្លេអ៊ែរ ហាក់ដូចជាចាក់បញ្ចូល “ឱសថជំនួយ”ឱ្យពួកស្តាំនិយមរបស់ជប៉ុន ហើយនឹងធ្វើឱ្យពួកគេ កាន់តែមានទង្វើក្អេងក្អាងក្នុងជម្លោះអន្តរជាតិ។ ប្រវត្ដិសាស្ត្របានបញ្ជាក់ហើយថា ល្គឹកណាយោធានិយមជប៉ុនគ្មានការរិតត្បិត នោះពួកគេនឹងដើរតាមផ្លូវឈ្លានពាននិងវាតទី ព្រមនិងនាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍដោយសន្តិភាព ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រហូតដល់សកលលោកទាំងមូល។

ក្នុងនាមជាប្រទេសឈ្នះក្នុងសង្គ្រាមលោកលើកទីពីរ ប្រទេសចិន រុស្ស៊ី អាមេរិកនិងអង់គ្លេសជាដើមមានទំនួលខុសត្រូវ ខាងផ្លូវច្បាប់ក្នុងការទប់ស្កាត់ទង្វើ ប្រកបដោយគ្រោះថ្នាក់របស់ជប៉ុនដែលចង់មានអាវុធនុយក្លេអ៊ែរ។ បច្ចុប្បន្ននេះ ប្រទេសចិននិងរុស្ស៊ីជាដើម បានព្រមានទៅលើពាក្យសម្តី “ចង់មានអាវុធនុយក្លេអ៊ែរ” របស់មន្ត្រីជប៉ុនរួចហើយ ព្រមទាំងដាស់តឿនយ៉ាងខ្លាំងក្លាឱ្យជប៉ុនគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់ប្រទេសខ្លួន កុំដើរតាមផ្លូវខុសឆ្គងកាន់តែឆ្ងាយទៅៗ ។ បើសិនជាជប៉ុនហ៊ានបំពានច្បាប់អន្តរជាតិ នោះសហគមន៍អន្តរជាតិនឹងមិនអត់ឱនជាដាច់ខាត!

វិទ្យុមិត្តភាពកម្ពុជាចិន