គ្រោះរញ្ជួយដីកម្រិត ៦.១ វាយប្រហារកោះតៃវ៉ាន់ តែមិនបង្កការខូចខាតធ្ងន់ធ្ងរ
24-12-2025 19:10
(តៃប៉ិ)៖ គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារតំបន់ឆ្នេរនៃខេត្តតៃទុង (Taitung) ភាគអាគ្នេយ៍កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ។ ហេតុការណ៍នេះបានធ្វើឱ្យអគារនានាក្នុងរដ្ឋធានីតៃប៉ិញ័ររង្គើ ប៉ុន្តែមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាត ឬអ្នករងរបួសនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋបាលអាកាសធាតុបានបញ្ជាក់ថា ការរញ្ជួយដីនេះមានជម្រៅ ១១.៩គីឡូម៉ែត្រ។ ទោះជាយ៉ាងណា ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិ បានអះអាងដែរថា មិនទាន់មានរបាយការណ៍ខូចខាតណាមួយនៅឡើយទេ។
ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស TSMC បានបញ្ជាក់ថា ផលប៉ះពាល់នៃការរញ្ជួយដីនេះមិនឈានដល់កម្រិតដែលតម្រូវឱ្យមានការជម្លៀសរោងចក្ររបស់ខ្លួននោះទេ។
គួរបញ្ជាក់ថា តៃវ៉ាន់តែងតែជួបប្រទះគ្រោះរញ្ជួយដីជាញឹកញាប់ ដោយសារទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះបន្ទះតិចតូនិចពីរ។ កាលពីឆ្នាំ២០១៦ មនុស្សជាង ១០០នាក់បានស្លាប់ក្នុងគ្រោះរញ្ជួយដីនៅភាគខាងត្បូង ហើយកាលពីឆ្នាំ១៩៩៩ ការរញ្ជួយដីកម្រិត ៧.៣ រ៉ិចទ័រ បានសម្លាប់មនុស្សជាង ២,០០០នាក់៕




