អ៊ីស្រាអែល ចោទហាម៉ាស់ថាបានរំលោភលើបទឈប់បាញ់នៅហ្គាហ្សា និងព្រមានសងសឹក (Video inside)

24-12-2025 22:16

(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានចោទប្រកាន់ក្រុមហាម៉ាស់នៅថ្ងៃពុធនេះថា បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា បន្ទាប់ពីនាយទាហានម្នាក់បានរងរបួសដោយសារគ្រឿងផ្ទុះនៅតំបន់ Rafah ហើយអ៊ីស្រាអែលបានប្តេជ្ញាថានឹងសងសឹក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការិយាល័យនាយករដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍ថា ក្រុមហាម៉ាស់ត្រូវតែគោរពកិច្ចព្រមព្រៀងខែតុលាឱ្យបានពេញលេញ ដោយកត់សម្គាល់ថា កិច្ចព្រមព្រៀងនោះរំពឹងថា ក្រុមសកម្មប្រយុទ្ធមួយនេះនឹងត្រូវដកចេញពីអំណាចនៅហ្គាហ្សា ព្រមទាំងមានការដកហូតអាវុធ និងលុបបំបាត់គំនិតជ្រុលនិយមនៅក្នុងតំបន់នោះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «អ៊ីស្រាអែលនឹងឆ្លើយតបទៅតាមនោះ»។

យោធាអ៊ីស្រាអែលបានឱ្យដឹងថា គ្រឿងផ្ទុះមួយបានផ្ទុះប៉ះនឹងរថយន្តយោធាមួយគ្រឿងនៅតំបន់ Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សា បណ្តាលឱ្យនាយទាហានម្នាក់រងរបួសស្រាល។

គួរបញ្ជាក់ថា អំពើហិង្សាបានថយចុះ ប៉ុន្តែមិនបានបញ្ឈប់ទាំងស្រុងទេ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ហើយភាគីទាំងពីរតែងតែចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់។ ក្រសួងសុខាភិបាលហ្គាហ្សាបានអះអាងថា អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤០០នាក់នៅក្នុងតំបន់នេះចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន។

ផែនការ ២០ចំណុចដែលចេញដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែកញ្ញា អំពាវនាវឱ្យមានបទឈប់បាញ់ជាបឋម បន្តដោយជំហានឆ្ពោះទៅរកសន្តិភាពកាន់តែទូលំទូលាយ។ ទីបំផុតវាអំពាវនាវឱ្យហាម៉ាស់ទម្លាក់អាវុធ និងមិនមានតួនាទីគ្រប់គ្រងនៅហ្គាហ្សា ហើយឱ្យអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីនោះ។ ទោះជាយ៉ាងណា ភាគីទាំងពីរមិនទាន់បានព្រមព្រៀងគ្នាយ៉ាងពេញលេញលើអ្វីៗទាំងអស់នៅក្នុងផែនការនោះទេ៕