លោក ពូទីន សរសើរពីមិត្តភាពមិនអាចបំបែកបំបាក់បានជាមួយកូរ៉េខាងជើង ក្នុងលិខិតជូនពរឆ្នាំថ្មី
25-12-2025 09:17
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ បានរាយការណ៍ថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានកោតសរសើរពីទំនាក់ទំនងមិនអាច បំបែកបំបាក់បានជាមួយកូរ៉េខាងជើង ក្នុងលិខិតជូនពរឆ្នាំថ្មីផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងលិខិតជូនពរឆ្នាំថ្មីដែលទីក្រុងព្យុងយ៉ាងបានទទួលកាលពីសប្ដាហ៍មុន លោក ពូទីនបានលើកសរសើរផងដែរចំពោះការចូលរួមរបស់ទាហានកូរ៉េខាងជើងជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ដោយនិយាយថានេះបានបង្ហាញពីភាពជាបងប្អូនរួមអាវុធរវាងប្រទេសទាំង២។ លោក ពូទីនបានសង្កត់ធ្ងន់ទៀតថាទំនាក់ទំនងរឹងមាំរវាងទីក្រុងព្យុងយ៉ាង និងមូស្គូ នឹងចូលរួមចំណែកដល់ការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូលដ៏យុត្តិធម៌មួយ។
គួរជម្រាបជូនថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង និងលោកខាងលិចបានឱ្យដឹងថាកូរ៉េខាងជើងបានបញ្ជូនទាហានរបស់ខ្លួនជាង ១០ ០០០នាក់ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី កាលពីឆ្នាំ២០២៤ ដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៉ី រួមជាមួយការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និងប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ។ ចារកម្មកូរ៉េខាងត្បូង បានវាយតម្លៃថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅជួយរុស្ស៉ីមានប្រហែលជា ២០០០នាក់បានស្លាប់៕




