សេតវិមាន បង្គាប់ឱ្យយោធាអាមេរិកផ្តោតលើការបិទខ្ទប់ប្រេងរបស់វ៉េណេស៊ុយអេឡា (Video inside)

25-12-2025 09:57

(វ៉ាស៊ីនតោន)៖ សេតវិមានបានបង្គាប់ឱ្យយោធាអាមេរិកផ្ដោតជាសំខាន់លើការបិទខ្ទប់ប្រេងរបស់វ៉េណេស៊ុយអេឡា ឱ្យបានយ៉ាងហោចរយៈពេល២ខែខាងមុខទៀត ដែលនេះបានគូសបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោន បច្ចុប្បន្នមានបំណងចង់ប្រើប្រាស់សេដ្ឋកិច្ច ជាជាងប្រើកម្លាំងយោធាដើម្បីដាក់សម្ពាធលើទីក្រុងការ៉ាកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីអាមេរិកម្នាក់បាន Reuters កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ខណៈប្រតិបត្តិការយោធានៅតែបន្តធ្វើឡើង ការផ្ដោតជាសំខាន់ នោះគឺការប្រើប្រាស់ការដាក់សម្ពាធសេដ្ឋកិច្ច តាមរយៈការពង្រឹងអនុវត្តការដាក់ទណ្ឌកម្មដើម្បីឈានដល់លទ្ធផលដែលសេតវិមានកំពុងសម្លឹងចង់បាន»។ មន្ត្រីរូបនេះបន្ថែមថាកិច្ចប្រឹងប្រែងមកទល់នឹងបច្ចុប្បន្នបានដាក់សម្ពាធយ៉ាងសម្បើមលើលោក ម៉ាឌូរ៉ូ (ប្រធានាធិបតីវ៉េណេស៊ុយអេឡា) ហើយសង្ឃឹមថានៅមុនចុងខែមករាខាងមុខ វ៉េណេស៊ុយអេឡានឹងត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ច រហូតទាល់តែពួកគេយល់ព្រមធ្វើសម្បទានដ៏សំខាន់ឱ្យសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនបានប្រកាសជាសាធារណៈអំពីបំណង ឬគោលដៅរបស់លោកចំពោះវ៉េណេស៊ុយអេឡាឡើយ។ ប៉ុន្តែជាលក្ខខណៈឯកជន លោក ត្រាំត្រូវបាន រាយការណ៍ថាមានបំណងដាក់សម្ពាធឱ្យប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និរទេសខ្លួនចេញពីប្រទេស។ លោក ត្រាំ កាលពីថ្ងៃចន្ទក៏បានលើកឡើងដែរថាវាជារឿងឆ្លាតវៃ ប្រសិនបើ លោក ម៉ាឌូរ៉ូចុះចេញពីតំណែង៕