ស្ទង់មតិ៖ ប្រជាជនរុស្ស៉ីភាគច្រើនសង្ឃឹមថាសង្រ្គាមអ៊ុយក្រែននឹងបញ្ចប់ក្នុងឆ្នាំ២០២៦ (Video inside)
25-12-2025 10:30
(មូស្គូ)៖ ស្ថាប័នស្ទង់មតិរដ្ឋរបស់រុស្ស៉ី បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ថាប្រជាជនរុស្ស៉ីភាគច្រើនសង្ឃឹមថាសង្រ្គាមនៅអ៊ុយក្រែននឹងបិទបញ្ចប់នៅក្នុងឆ្នាំ២០២៦ ដែលនេះអាចជាសញ្ញាមួយបង្ហាញថា វិមានក្រឹមឡាំងកំពុងធ្វើតេស្ដលើប្រតិកម្មរបស់ប្រជាជនរុស្ស៉ីចំពោះលទ្ធភាពនៃការផ្សះផ្សាសន្តិភាព ខណៈកិច្ចប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្រ្គាមកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
អំឡុងការធ្វើបទបង្ហាញចុងឆ្នាំរបស់ខ្លួន អនុប្រធានស្ថាប័ន VTsIOM លោក Mikhail Mamonov បាននិយាយថា ៧០ភាគរយនៃអ្នកត្រូវបានសម្ភាសន៍ ១៦០០នាក់ មើលឃើញថាឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំ ជោគជ័យបំផុតសម្រាប់រុស្ស៉ី ធៀបទៅនឹងឆ្នាំ២០២៥ ខណៈ៥៥ភាគរយសង្ឃឹមពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនដែលរុស្ស៉ីហៅថាប្រតិបត្តិការយោធាពិសេស។ លោក Mamonov បានគូសបញ្ជាក់ដូច្នេះថា «ហេតុផលចម្បងសម្រាប់សុទិដ្ឋិនិយម នោះគឺលទ្ធភាពនៃការបិទបញ្ចប់ប្រតិបតិ្តការយោធាពិសេស និងការសម្រេចបាននូវគោលដៅដែលបានដាក់ចេញ ស្របទៅនឹងផលប្រយោជន៍ជាតិដែលត្រូវបានគូសបញ្ជាក់ ដោយលោកប្រធានាធិបតី (ពូទីន)»។
គួរបញ្ជាក់ថា នៅក្នុងការស្ទង់មតិកាលពីចុងឆ្នាំមុន VTsIOM បានកត់សម្គាល់ពីការកើនឡើងការគាំទ្ររបស់ប្រជាជនរុស្ស៉ីចំពោះលោក ពូទីន និងគោលដៅយោធារបស់លោកនៅអ៊ុយក្រែន ប៉ុន្តែមិនបានផ្ដល់ តួលេខបង្ហាញពីការសង្ឃឹមរបស់ប្រជាជនរុស្ស៉ីចំពោះការបិទបញ្ចប់សង្រ្គាមនោះទេ៕





