រុស្ស៉ីកាត់ទោសជនជាតិកូឡុំប៊ីម្នាក់ ដាក់ពន្ធនាគារ១៩ឆ្នាំ សម្រាប់ការជួយអ៊ុយក្រែនប្រយុទ្ធក្នុងសង្រ្គាម (Video inside)

25-12-2025 14:00

(មូស្គូ)៖ តុលាការគាំទ្រដោយរុស្ស៉ី នៅក្នុងទឹកដីអ៊ុយក្រែនដែលស្ថិតក្រោមការត្រួតត្រារបស់កងកម្លាំងមូស្គូ កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ បានផ្តន្ទាទោសបុរសជនជាតិកូឡុំប៊ីម្នាក់ ដាក់ពន្ធនាគាររយៈពេល១៩ឆ្នាំ សម្រាប់ការជួយប្រយុទ្ធឱ្យកងទ័ពអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អគ្គរដ្ឋអាជ្ញាធនៃប្រទេសរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការកំពូលនៅផ្នែកនៃតំបន់ Donetsk ដែលស្ថិតក្រោម​ការកាន់កាប់របស់រុស្ស៉ី បានសម្រេចផ្តន្ទាទោស បុរសម្នាក់ឈ្មោះ Oscar Mauricio Blanco Lopez ដាក់ពន្ធនាគាររយៈពេល ១៩ឆ្នាំ។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា បុរសម្នាក់នោះដែលមានអាយុ៤២ឆ្នាំ​ បានមកដល់អ៊ុយក្រែន កាលពីខែឧសភា ឆ្នាំ២០២៤ ដើម្បីចុះឈ្មោះចូលបម្រើកងទ័ពអ៊ុយក្រែន និងត្រូវបានចាប់ខ្លួនជាឈ្លើយសឹកដោយកងទ័ពរុស្ស៉ី ក្នុងខែធ្នូ ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានដាក់ពន្ធនាគារ អ្នកប្រយុទ្ធបរទេសមួយចំនួន ដែលកងទ័ពរុស្ស៉ីចាប់ខ្លួនបាន នៅភាគខាងកើតអ៊ុយក្រែន ហើយកាត់ទោសពួកគេ ក្នុងឋានៈជាទាហានស៉ីឈ្នួល ជំនួសឱ្យឈ្លើយសឹក ដែលត្រូវបានការពារក្រោម​អនុសញ្ញាទីក្រុងហ្សឺណែវ។ កាលពីសប្តាហ៍មុន តុលាការខាងលើ បានផ្តន្ទាទោសបុរសជនជាតិអង់គ្លេសម្នាក់ ដាក់ពន្ធនាគារ១៣ឆ្នាំ ក្រោមទោសដូចគ្នា គឺជួយអ៊ុយក្រែនប្រយុទ្ធក្នុងសង្រ្គាម៕