អារ៉ាប៊ីសាអូឌីត ស្នើក្រុមបំបែកខ្លួនភាគខាងត្បូង STC ដកកម្លាំងចេញពីខេត្តដែលទើបចាប់យកបាន នៅយេម៉ែន (Video inside)

25-12-2025 15:35

(រីយាដ)៖ អារ៉ាប៊ីសាអូឌីត បានបង្ហាញក្តីរំពឹងថា ក្រុមបំបែកខ្លួនភាគខាងត្បូងរបស់យេម៉ែន នឹងបញ្ចប់ការវាតទីកាន់កាប់យ៉ាងទូលំទូលាយ នៅទូទាំងភាគខាងត្បូងយេម៉ែន ដែលបានធ្វើឱ្យប្រទេសនេះ ធ្លាក់ទៅក្នុងភាពមិនច្បាស់លាស់កាន់តែស៉ីជម្រៅ ខណៈដែលខណ្ឌចែកដោយរដ្ឋបាលពីររួចទៅហើយ ចាប់តាំងពីសង្គ្រាមស៉ីវិលផ្ទុះឡើង ជាងមួយទសវត្សរ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានពិពណ៌នាប្រតិបត្តិការយោធារបស់ ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូងប្រទេសយេម៉ែន STC ដែលបានចាប់យកខេត្តភាគខាងកើត Hadramout និង Mahra កាលពីដើមខែនេះ ថាជាការបង្កើនភាពតានតឹងមិនសមហេតុផល។ អារ៉ាប៊ីសាអូឌីត នៅតែសង្ឃឹមថា ការគិតគូដល់ប្រយោជន៍សាធារណៈ អាចបញ្ចប់សកម្មភាពរបស់ STC ហើយដកកម្លាំងចេញពីខេត្តទាំងពីរជាបន្ទាន់ និងមានរបៀបរៀបរយ។

គួរបញ្ជាក់ថា STC ដែលគាំទ្រដោយអេមីរ៉ាត់អារ៉ាប់រួម ដំបូងឡើយគឺជាផ្នែកមួយនៃសម្ព័ន្ធភាព Sunni Muslim ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងដែលបានចូលធ្វើអន្តរាគមន៍នៅយេម៉ែនក្នុងឆ្នាំ ២០១៥ ប្រឆាំងក្រុមហ៊ូទី ដែលមានអ៉ីរ៉ង់ជាខ្នងបង្អែក។ ប៉ុន្តែ STC ប្រែខ្លួនទៅជាដ្ឋាភិបាល និងស្វែងរកការគ្រប់គ្រងដោយខ្លួនឯង នៅភាគខាងត្បូង រួមទាំងទីក្រុងកំពង់ផែធំ Aden ដែលមានទីស្នាក់ការកណ្តាល នៃរដ្ឋបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីតផងដែរ៕