លោក ហ្សេលេនស្គី ចង់ជួបលោក ត្រាំ និយាយពីបញ្ហាសម្បទានទឹកដី ខណៈកិច្ចចរចាថ្នាក់ក្រុមមន្រ្តី ឈានដល់ជុំចុងក្រោយបង្អស់ (Video inside)
25-12-2025 16:12
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវរកកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយរំពឹងថានឹងអាចលុបចោលបញ្ហារដ៏សើបបំផុតមួយ ក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតជាមួយរុស្ស៉ី ដូចជាបញ្ហាគ្រប់គ្រងទឹកដី ខណៈកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ឈានដល់ជុំចុងក្រោយបង្អស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ ២០២៥។
លោក ហ្សេលេនស្គី បាននិយាយថា គណៈប្រតិភូអ៊ុយក្រែន និងអាមេរិក ខិតជិតដល់ការបញ្ចប់ផែនការសន្តិភាព ២០ចំណុចនៃកិច្ចពិភាក្សាក្នុងទីក្រុង Miami កាលពីចុងសប្តាហ៍មុន។ លោក ហ្សេលេនស្គី បញ្ជាក់ថា «មានក្របខ័ណ្ឌមួយ ដែលជាឯកសារមូលដ្ឋានស្តីពីការបញ្ចប់សង្រ្គាម និងជាឯកសារនយោបាយនៃអាមេរិក អឺរ៉ុប និងរុស្ស៉ី»។ លោកបន្ថែមថា «យើងត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចប្រជុំជាមួយសហរដ្ឋអាមេរិក នៅកម្រិតមេដឹកនាំ ដើម្បីដោះស្រាយបញ្ហារស៉ើប។ រឿងទឹកដី ដែលត្រូវតែពិភាក្សានៅកម្រិតមេដឹកនាំ»។
គួរបញ្ជាក់ថា លោក ត្រាំ បាននិយាយយូរមកហើយថា លោកចង់បញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ប៉ុន្តែមកដល់ពេលនេះ នៅបរាជ័យត្រង់ចំណុចធ្វើសម្បទាន ពីសំណាក់ភាគីទាំងសងខាង។ ទីក្រុងកៀវ កំពុងដាក់សម្ពាធទីក្រុងវ៉ាស៉ីនតោន ឱ្យកែប្រែផែនការខ្លះ ដូចជាការតម្រូវឱ្យអ៊ុយក្រែនលះបង់ទឹកដី បោះបង់សម្ព័ន្ធភាពយោធានាពេលអនាគត និងទទួលយកការរឹតត្បិតលើកងកម្លាំងរបស់ខ្លួន៕






