ប៉ូឡូញ ស្ទាក់ចាប់យន្តហោះស៊ើបការណ៍រុស្ស៊ីនៅសមុទ្របាល់ទិក និងបិទដែនអាកាសមួយផ្នែកដោយសារបាល់ឡុងពីបេឡារុស (Video inside)
25-12-2025 19:08
(វ៉ារស្សាវ៉ា)៖ កងទ័ពប៉ូឡូញ បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះចម្បាំងរបស់ខ្លួន បានធ្វើការស្ទាក់ចាប់យន្តហោះស៊ើបការណ៍របស់រុស្ស៊ីមួយគ្រឿងនៅលើសមុទ្របាល់ទិក ដែលកំពុងហោះហើរយ៉ាងកៀកនឹងដែនអាកាសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
កងទ័ពប៉ូឡូញបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «នៅព្រឹកនេះ លើដែនទឹកអន្តរជាតិនៃសមុទ្របាល់ទិក យន្តហោះចម្បាំងប៉ូឡូញបានស្ទាក់ចាប់ និងបណ្តេញយន្តហោះស៊ើបការណ៍រុស្ស៊ីដែលហោះហើរក្បែរព្រំដែននៃដែនអាកាសប៉ូឡូញ ចេញពីតំបន់ទទួលខុសត្រូវរបស់ខ្លួន»។
គួរបញ្ជាក់ថា ក្រៅពីនេះ កងទ័ពប៉ូឡូញក៏បានរាយការណ៍ដែរថា នៅពេលយប់មានវត្ថុមិនស្គាល់អត្តសញ្ញាណបានចូលក្នុងដែនអាកាសប៉ូឡូញពីទិសដៅបេឡារុស។ បន្ទាប់ពីការវិភាគយ៉ាងល្អិតល្អន់ វាត្រូវបានគេកំណត់ថាទំនងជាបាល់ឡុងរត់ពន្ធ។ ជាការឆ្លើយតប ផ្នែកខ្លះនៃដែនអាកាសលើតំបន់ Podlaskie ភាគឦសាននៃប៉ូឡូញ ដែលជាប់ព្រំដែនបេឡារុស ត្រូវបានបិទជាបណ្តោះអាសន្នចំពោះចរាចរណ៍ស៊ីវិល ដើម្បីធានាសុវត្ថិភាព៕




