លោក គីម ជុងអ៊ុន បញ្ជាឱ្យបង្កើនការផលិតមីស៊ីលនៅឆ្នាំ២០២៦ (Video inside)
26-12-2025 09:39
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យបង្កើន និងធ្វើទំនើបកម្មនៃការផលិតមីស៊ីល ព្រមទាំងសាងសង់រោងចក្របន្ថែមនៅឆ្នាំ២០២៦ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃសុក្រ ទី២៦ ខែធ្នូ បានឱ្យដឹងថាលោក គីម ជុងអ៊ុន ចេញបញ្ជាបែបនេះ អំឡុងចុះត្រួតពិនិត្យរោងចក្រផលិតអាវុធរបស់កូរ៉េខាងជើង។ លោក គីម បាននិយាយថារោងចក្រផលិតអាវុធត្រូវតែបំពេញឱ្យបាននូវការកើនឡើងតម្រូវការនៅក្នុងការធ្វើប្រតិបត្តិការរបស់កងកម្លាំងមីស៊ីល និងកាំភ្លើងធំរបស់កូរ៉េខាងជើង។ លោកបន្ថែមទៀតថាកូរ៉េខាងជើង ចាំបាច់ត្រូវបង្កើនសមត្ថភាពផលិត ក្នុងគោលបំណងរក្សាឱ្យបាននូវល្បឿនដែលអាចបំពេញតម្រូវការពីកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង ហើយបានបញ្ជាឱ្យសាងសង់រោងចក្រផលិតគ្រាប់រំសេវថ្មីៗបន្ថែមផងដែរ។
តាមលោក គីម វិស័យផលិតមីស៊ីល និងគ្រាប់កាំភ្លើងធំគឺពិតជាសារៈសំខាន់បំផុតនៅក្នុងការពង្រឹងសមត្ថភាពកំញើញទប់ស្កាត់សង្រ្គាម។ កូរ៉េខាងជើងបានបង្កើនការផលិតមីស៊ីលគួរឱ្យកត់សម្គាល់ក្នុងពេលប៉ុន្មាន ឆ្នាំថ្មីៗនេះ។ ក្រុមអ្នកវិភាគបាននិយាយថាដោយការបង្កើនការផលិតមីស៊ីល កូរ៉េខាងជើងមានគោលដៅធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពវាយប្រហារចំគោលដៅជាក់លាក់ ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូង ក៏ដូចជាធ្វើតេស្ដអាវុធទាំងនេះមុននឹងនាំចេញទៅឱ្យរុស្ស៉ី។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោកបានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាទីដែលលោក បានប្ដេជ្ញាប្រឆាំងនឹងអ្វីដែលលោកហៅថាជាការគំរាមកំហែងពីកូរ៉េខាងត្បូងដែលកំពុងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដោយមានការគាំទ្រពីសហរដ្ឋអាមេរិក៕






