សហរដ្ឋអាមេរិកវាយប្រហារលើពួក ISIS នៅនីហ្សេរីយ៉ា ក្នុងថ្ងៃបុណ្យណូអែល (Video inside)
26-12-2025 10:16
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ បាននិយាយថាកងកម្លាំងអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំង និងសាហាវប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ISIS នៅភាគពាយព្យ នៃប្រទេសនីហ្សេរីយ៉ា ប៉ុន្មានសប្ដាហ៍បន្ទាប់ពីលោកបានព្រមានប្រឆាំងនឹងការធ្វើទុក្ខបុកម្នេញជាលក្ខណៈប្រព័ន្ធលើអ្នកកាន់សាសនាគ្រឹស្តក្នុងប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់់ងារសារព័ត៌មាន AFP។
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូនេះដែរ ក្រសួងការបរទេសនីហ្សេរីយ៉ាបានទទួលស្គាល់ពីការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ដោយពិព័ណ៌នាថាវាជាការវាយប្រហារកំណត់គោលដៅជាក់លាក់ប្រឆាំងនឹង ពួកភេរវករនៅក្នុងប្រទេស។ ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អាហ្វ្រិកក៏បានឱ្យដឹងដែរថាក្រុមសកម្មប្រយុទ្ធ ISIS ជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារក្នុងរដ្ឋ Sokoto ដែលធ្វើឡើងតបតាមសំណើ ពីអាជ្ញាធរនីហ្សេរីយ៉ា ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីនោះទេ។
ដោយឡែកបើតាមលោក ត្រាំ ការវាយប្រហារតាមផ្លូវអាកាសលើគោលដៅរបស់ក្រុមសកម្មប្រយុទ្ធ ISIS ធ្វើឡើងក្នុងថៃ្ងបុណ្យណូអែលតែម្ដង។ នេះគឺជាការវាយប្រហារលើកដំបូងរបស់កងកម្លាំងអាមេរិកក្នុងប្រទេស នីហ្សេរីយ៉ា ក្រោមអាណត្តិរបស់លោក ត្រាំ និងកើតឡើងបន្ទាប់ពីលោក ត្រាំ បានកាលពីខែតុលា និងខែវិច្ឆិកាកន្លងទៅ បានគំរាមប្រើកម្លាំងយោធាដើម្បីការពារអ្នកកាន់សាសនាគ្រឹស្តនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលលោកអះអាងថា កំពុងប្រឈមនឹងការប្រល័យពូជសាសន៍។ តែនីហ្សេរីយ៉ា និងក្រុមអ្នកវិភាគឯករាជ្យបានទាត់ចោលការអះអាងរបស់លោក ត្រាំ៕




