ប៉េកាំងចោទអាមេរិក ថាព្យាយាមបង្អាក់ភាពប្រសើរឡើងនៃទំនាក់ទំនងចិន-ឥណ្ឌា (Video inside)
26-12-2025 10:52
(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចិនបានចោទប្រកាន់ថា សហរដ្ឋអាមេរិកព្យាយាមបំភ្លៃគោលនយោបាយការពារជាតិរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងការធ្វើឱ្យប្រសើរឡើងនៅក្នុងទំនាក់ទំនងចិន-ឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ ២០២៥។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឆ្លើយតបទៅនឹងសំណួរថា តើចិនអាចទាញប្រយោជន៍ពីការបន្ធូរបន្ថយភាពតានតឹងជាមួយឥណ្ឌា ជុំវិញជម្លោះព្រំដែន ដើម្បីកុំឱ្យទំនាក់ទំនងអាមេរិក-ឥណ្ឌាកាន់តែស៉ីជម្រៅបានឬទេ។ លោក Lin និយាយថា ចិនចាត់ទុកទំនាក់ទំនងជាមួយឥណ្ឌាជាទស្សនយុទ្ធសាស្ត្រ និងរយៈពេលវែង ហើយបានគូសបញ្ជាក់ថា «ព្រំដែនគឺជាបញ្ហារវាងចិន និងឥណ្ឌា។ យើងជំទាស់នឹងប្រទេសណាមួយ ដែលមានបំណងវិនិច្ឆ័យអំពីបញ្ហានេះ»។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារបានលើកឡើងថា ចិនប្រហែលជារកឱកាសពីការថយចុះភាពតានតឹងជាមួយឥណ្ឌា ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាពឡើងវិញ ហើយរារាំងដល់ការធ្វើឱ្យស៉ីជម្រៅនៃទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌា៕





