វ៉េណេស៊ុយអេឡា ដោះលែងអ្នកជាប់ឃុំក្រោយការបោះឆ្នោតជាច្រើននាក់ នៅថ្ងៃ Christmas (Video inside)

26-12-2025 11:49

(ការ៉ាកាស)៖ ក្រុមសិទ្ធិមនុស្សបានឱ្យដឹងថា អាជ្ញាធរវ៉េណេស៊ុយអេឡា បានដោះលែងមនុស្សចំនួន ៦០នាក់ ដែលជាប់ឃុំអំឡុងការតវ៉ាប្រឆាំងប្រធានាធិបតី Nicolas Maduro ឱ្យមានសេរីភាពឡើងវិញ នៅថ្ងៃបុណ្យ Christmas ទី២៥ ខែធ្នូ ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាម The Committee for the Freedom of Political Prisoners ដែលជាអង្គការមួយបង្កើតឡើងដោយសកម្មជន និងសាច់ញាតិរបស់អ្នកជាប់ឃុំ ការដោះលែងបានចាប់ផ្តើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ សាច់ញាតិរបស់អ្នកជាប់ឃុំ បាននិយាយថា អ្នកដែលត្រូវបានដោះលែង ត្រូវបានឃុំខ្លួននៅពន្ធនាគារ Tocoron ក្នុងរដ្ឋ Aragua ចម្ងាយប្រហែល ១៣៤គីឡូម៉ែត្រពីរដ្ឋធានីការ៉ាកាស។

ទោះ​ជា​មាន​ចំណាត់​ការ​​នេះ​ ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា មនុស្ស​រាប់​រយ​នាក់​នៅ​តែ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន។ Foro Penal ដែលជាអង្គការស្របច្បាប់របស់វ៉េណេស៊ុយអេឡា បានឱ្យដឹងថា អ្នកទោសនយោបាយយ៉ាងហោចណាស់ ៩០២នាក់ ត្រូវបានឃុំខ្លួននៅទូទាំងប្រទេស។

គួរបញ្ជាក់ថា មហាបាតុកម្មមួយបានផ្ទុះឡើង បន្ទាប់ពីលោក Maduro ទទួលបានអាណត្តិទី ៣ក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ ២០២៤ ដែលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រឆាំង និងអ្នកសង្កេតការណ៍អន្តរជាតិ។ កាលនោះអាជ្ញាធរបានឆ្លើយតបដោយការបង្រ្កាបខ្លាំងក្លា ក្នុងនោះមនុស្សប្រហែល ២ ៤០០នាក់ត្រូវបានឃុំខ្លួន ទោះបីជាជិត ២ ០០០នាក់ត្រូវបានដោះលែងក៏ដោយ៕