ចិនព្រមានថា ការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ នឹងពន្លឿនការគំរាមកំហែងនៃសង្រ្គាម (Video inside)

26-12-2025 13:11

(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ចិនបានបន្តរិះគន់គម្រោងលក់សព្វាវុធថ្មីចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ់ាន់ ដោយលើកឡើងថា ទង្វើបែបនេះនឹងពន្លឿនការគំរាមកំហែងនៃសង្រ្គាម នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បាននិយាយថា សហរដ្ឋអាមេរិកក្បត់ការប្តេជ្ញារបស់ខ្លួន ដោយបង្កើនការលក់អាវុធឱ្យតៃវ៉ាន់ និងការទទួលស្គាល់តៃវ៉ាន់ ដែលកំពុងដុតបញ្ឆេះភាពក្រអឺតក្រទមកាន់តែខ្លាំង ហើយពន្លឿនការគំរាមកំហែងនៃសង្រ្គាមនៅច្រកសមុទ្រតៃវ៉ាន់។

អ្នកនាំពាក្យបានបន្តថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់រាល់ទង្វើបង្កហេតុ និងកែតម្រូវសកម្មភាពខុសឆ្គងរបស់ខ្លួន ហើយឈប់លូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន និងបញ្ជូនសញ្ញាខុសទៅកាន់ ចលនាបំបែករដ្ឋចង់បានឯករាជ្យនៅតៃវ៉ាន់ ដែលគំរាមកំហែងយ៉ាងខ្លាំង ចំពោះសុខសន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។

លោក Zhang ក៏បានទទូចផងដែ រឱ្យអាមេរិកយល់ឱ្យបានពេញលេញ ចំពោះស្ថានភាពរសើបខ្លាំងនៃបញ្ហាតៃវ៉ាន់ ហើយគោរពដោយ​ស្មោះត្រង់ ចំពោះគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំង៣ រវាងចិននិងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបន្ថែមជាចុងក្រោយថា អាមេរិកគួរតែប្រយ័ត្នប្រយែងបំផុត ជុំវិញបញ្ហាតៃវ៉ាន់ និង​បញ្ឈប់ការបំពាក់អាវុធដល់ដែនកោះនេះ ទោះក្នុងទម្រង់ណាក៏ដោយ រួចហើយងាកទៅធ្វើសកម្មភាពជាក់ស្តែង ដែលជួយរក្សាស្ថានការណ៍រួម នៃទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិ ក៏ដូចជាយោធាទាំងពីរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសអំពីកញ្ចប់លក់សព្វាវុធ ទំហំរហូតដល់១១.‌១ពាន់លានដុល្លារ សម្រាប់តៃវ៉ាន់ ដែលជាទំហំធំបំផុតមិនធ្លាប់មាន សម្រាប់ដែនកោះនេះ។ យោងតាមក្រសួងការពារជាតិតៃវ៉ាន់ ក្នុងកញ្ចប់នោះរួមមាន​​សម្ភារ៨មុខ ដូចជាប្រព័ន្ធបាញ់រ៉ុក្កែត HIMARS, កាំភ្លើងធំ, មីស៉ីលប្រឆាំងរថក្រោះ Javelin, ដ្រូនអត្តឃាត និងគ្រឿងបន្លាស់​សម្រាប់បរិក្ខារដទៃៗទៀត៕