មីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោតដំណាក់កាលចុងក្រោយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ (Video inside)
26-12-2025 13:41
(ណៃពិដោ)៖ នាថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅមីយ៉ាន់ម៉ា បានរាយការណ៍ថា ប្រទេសអាស៊ានមួយនេះ នឹងរៀបចំការបោះឆ្នោតដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ នៃដំណើរការបោះឆ្នោតសកលរបស់ខ្លួន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសរាយការណ៍ដោយ កាសែតរដ្ឋ Global New Light of Myanmar រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ការបោះឆ្នោតដំណាក់កាលទី៣ នឹងរៀបចំឡើងនៅក្នុងក្រុងចំនួន៦៣។ រីឯការបោះឆ្នោតដំណាក់កាលទី១ និងទី២ ត្រូវបានគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅក្រុងសរុបចំនួន២០២ ក្នុងចំណោមក្រុងទាំងអស់ចំនួន៣៣០។ ដោយឡែក កាលបរិច្ឆេទសម្រាប់ការរាប់សន្លឹកឆ្នោត និងការចេញលទ្ធផលបោះឆ្នោត នៅមិនទាន់ត្រូវបានប្រកាសជាសាធារណៈនៅឡើយទេ។
គួរបញ្ជាក់ថា កន្លងមក ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានទទួលស្គាល់ថា ការបោះឆ្នោត នឹងមិនអាចរៀបចំឡើងនៅទូទាំងប្រទេសឡើយ ស្របពេលដែលយោធាបន្តប្រយុទ្ធប្រឆាំង ចលនាឧទ្ទាមប្រដាប់អាវុធ ដែលបានដណ្តើមកាន់កាប់ទឹកដីមួយភាគធំ និងកើនឡើងកម្លាំង ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១។ យោធាមីយ៉ាន់ម៉ា បានអះអាងថា ការបោះឆ្នោតនេះ គឺជាមធ្យោបាយប្រសើរបំផុត ដើម្បីស្រោចស្រង់ប្រទេសចេញពីវិបត្តិ ខណៈក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានរិះគន់ថា វាគ្រាន់តែជាការបោះឆ្នោតក្លែងក្លាយមួយប៉ុណ្ណោះ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ការបន្តអំណាចរបស់យោធា៕







