រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្វែងរកការដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ លើអតីតប្រធានាធិបតី Yoon Suk Yeol (Video inside)

26-12-2025 14:17

(សេអ៊ូល)៖ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង បានស្នើឱ្យផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ លើអតីតប្រធានាធិបតីលោក Yoon Suk Yeol ក្រោមបទចោទប្រកាន់មួយចំនួន ដែលរួមមានទាំង ការព្យាយាមរារាំងការចាប់ខ្លួនរូបលោក ពាក់ព័ន្ធការដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap នាថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់លោក Yoon ថា ព្យាយាមរារាំងក្រុមអ្នកស៉ើបអង្កេត ដែលព្យាយាមចាប់ខ្លួនរូបលោក នៅក្នុងការិយាល័យប្រធានាធិបតី កាលពី​ខែមករា ដើមឆ្នាំនេះ។ សំណើពន្ធនាគាររយៈពេល១០ឆ្នាំខាងលើនេះ គឺជាសំណើដាក់ពន្ធនាគារដំបូងបំផុតរបស់រដ្ឋអាជ្ញាពិសេស សម្រាប់បទចោទប្រកាន់ជាច្រើន ដែលលោក Yoon កំពុងប្រឈម។

ក្រៅពីសំណុំរឿងរារាំងការចាប់ខ្លួន លោក Yoon កំពុងប្រឈមការជំនុំជម្រះក្តី៣ផ្សេងទៀត ពាក់ព័ន្ធទង្វើដ៏ចម្រូងចម្រាសរបស់លោក ក្នុងការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីខែធ្នូ ឆ្នាំ២០២៤ ដោយក្នុងចំណោមនោះ រួមមានទាំងការចោទប្រកាន់ពីបទដឹកនាំការបះបោរ។

គួរបញ្ជាក់ថា កន្លងមក តុលាការបាននិយាយថា ខ្លួនទំនងនឹងប្រកាសសាលក្រមសំណុំរឿងរារាំងការចាប់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំក្រោយ ខណៈការជំនំជម្រះក្តីសំណុំរឿងបះបោរ ត្រូវបានរំពឹងថានឹងបិទបញ្ចប់ នៅអំឡុងដើមខែមករា បើឆាប់បំផុត ហើយបើបែបនោះមែន សាលក្រមអាចនឹងត្រូវប្រកាសនៅខ្ទង់ខែកុម្ភៈ។

តាមច្បាប់កូរ៉េខាងត្បូង ប្រសិនបើលោក Yoon ត្រូវរកឃើញពិតជាមានទោស ក្រោមការចោទប្រកាន់ពីបទបះបោរ តុលាការមានសិទ្ធិកាត់ទោស​ប្រហារជីវិត ឬដាក់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែជាក់ស្តែង ការផ្តន្ទាទោសប្រហារជីវិត ហាក់ទំនងជានឹងមិនអាចធ្វើឡើងទេ ដ្បិតប្រទេសកូរ៉េខាងត្បូង មិនបានប្រហារជីវិតមនុស្ស ចាប់តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ៕