បណ្តាញផ្លូវរថភ្លើងល្បឿនលឿនក្នុងប្រទេសចិន ពង្រីកលើស ៥០ ០០០គីឡូម៉ែត្រ វែងជាងចម្ងាយធ្វើដំណើរជុំវិញផែនដី ២០ភាគរយ (Video inside)

26-12-2025 14:53

(ប៉េកាំង)៖ បណ្តាញផ្លូវរថភ្លើងល្បឿនលឿនយ៉ាងលាតសន្ធឹងរបស់ប្រទេសចិន បានបន្តរីកហួស ៥០ ០០០គីឡូម៉ែត្រ ជាមួយការបើកសម្ពោធខ្សែផ្លូវ​ប្រតិបត្តិការថ្មីមួយទៀត នាថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥។

ចិនគឺជាប្រទេសដែលមានបណ្តាញផ្លូវរថភ្លើងល្បឿនលឿន ធំជាងគេបង្អស់នៅលើពិភពលោក ពោលគឺ១ភាគ៥ វែងជាងចម្ងាយនៃការធ្វើដំណើរ​ជុំវិញផ្ទៃផែនដី។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មី ដែលបើកដំណើរការនាថ្ងៃសុក្រនេះ គឺរវាងទីក្រុង Xi'an និង Yan'an ដែលស្ថិតក្នុងខេត្ត Shaanxi។ ខ្សែផ្លូវ Xi'an-Yan'an មានប្រវែងសរុប២៩៩គីឡូម៉ែត្រ ហើយការធ្វើដំណើរលឿនបំផុត ចំណាយ​ពេលត្រឹម៦៨នាទី។

គួរបញ្ជាក់ថា រថភ្លើងល្បឿនលឿនរបស់ចិន C9309 អាចធ្វើប្រតិបត្តិការក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង លឿនជាងរថភ្លើងល្បឿនលឿន​របស់ជប៉ុន Shinkansen ដែលមានល្បឿនខ្ពស់បំផុត ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ទីក្រុងប៉េកាំង ក៏បានផ្តល់ហិរញ្ញវត្ថុដើម្បីគាំទ្រដល់ ​ការសាងសង់បណ្តាញផ្លូវរថភ្លើងល្បឿនលឿន នៅក្នុងប្រទេសអាស៉ីដទៃទៀតផងដែរ ក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ៕